សន្លឹកកិច្ចការរបស់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិពីបណ្ដាខេត្តបានដឹកជញ្ជូនមកកាន់មណ្ឌលកំណែវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញហើយ
AKP ភ្នំពេញ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦--តាំងពីព្រឹកព្រលឹម ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ គណៈមេប្រយោគទូទាំងប្រទេសប្រចាំរាជធានី/ខេត្ត និងអប្បមាទ បានដឹកជញ្ជូនសន្លឹកកិច្ចការបេក្ខជន ព្រមទាំងសំណុំឯកសារពាក់ព័ន្ធនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិពីតាមបណ្តាខេត្តនានាមកកាន់មណ្ឌលកំណែវិទ្យាល័យព្រះស៊ីសុវត្ថិ ក្រោយពីដំណើរការសំណេររយៈពេលពីរថ្ងៃបានបញ្ចប់ទៅដោយជោគជ័យ។ ក្រោយកំណែក្រសួងអប់រំ យុវ ជន និងកីឡា បានកំណត់យកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ សម្រាប់ប្រកាសលទ្ធផលប្រឡងនៅរាជធានី/ខេត្តទូទាំងប្រទេស ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡាផងដែរ។

ក្រសួងអប់រំ យុវជន និងកីឡាបានអះអាងថា ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ១០ សីហា ២០២៦ រយៈពេលពីរថ្ងៃ ដែលបានបញ្ចប់ទៅកាលពីវេលាម៉ោង៤:៣០នាទីរសៀល ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ បានប្រព្រឹត្តទៅដោយរលូន មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ក្រោមការយកចិត្តទុកដាក់បំពេញតួនាទី ភារកិច្ច និងទំនួលខុសត្រូវខ្ពស់ពីសំណាក់គណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទទូទាំងប្រទេស ប្រធាន អនុប្រធានមណ្ឌល គណៈកម្មការកណ្តាល គណៈកម្មការត្រួតពិនិត្យអគារ និងគណៈកម្មការអនុរក្ស ព្រមទាំងមានការចូលរួមសង្កេតការណ៍ដោយអង្គភាពប្រឆាំងអំពើពុករលួយ និងកិច្ចសហការល្អពីសហភាពសហព័ន្ធយុវជនកម្ពុជា មន្ត្រីសុខាភិបាល កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។

សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ១០ សីហា ២០២៦នេះ មានបេក្ខជនចុះឈ្មោះសរុប ១៥១ ២៣៨នាក់ ស្រី ៨៤ ៧៣៥នាក់ ក្នុងនោះមានបេក្ខជនថ្នាក់វិទ្យាសាស្ត្រ ៣៧ ៤៤៥នាក់ (ស្រី ២២ ១៩៣នាក់) បេក្ខជន ថ្នាក់វិទ្យាសាស្ត្រសង្គម ១១៣ ៧៩៣នាក់ (ស្រី ៦២ ៥៤២នាក់)។ មណ្ឌលប្រឡងសរុប ២៤៤មណ្ឌល ត្រូវជា ៦ ១០៤បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមាន ៦៨មណ្ឌល ត្រូវជា១ ៥២៦បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម១៧៦ មណ្ឌល ត្រូវជា ៤ ៥៧៨បន្ទប់។ ចំនួនគណៈមេប្រយោគទូទាំងប្រទេស និងគណៈកម្មការនានានៅក្នុងដំណើរ ការសំណេរសរុប ៣៣ ៧៤៧នាក់។

បេក្ខជនអវត្តមានសរុប ១ ៣៥២នាក់ (ស្រី ៥០២នាក់) ស្មើនឹង ០,៨៩ភាគរយ ក្នុងនោះ បេក្ខជន ស្វ័យរិនចំនួន ១ ១៤៧នាក់ (ស្រី៤០៧នាក់) និងបេក្ខជនចំណេះទូទៅចំនួន ២០៥នាក់ (ស្រី៩៥នាក់)។ បេក្ខជនមានបញ្ហាសុខភាពសរុប ២៦៧នាក់ ក្នុងនោះបេក្ខជនបានបោះបង់ការប្រឡងចំនួន ១៨នាក់ បេក្ខជន បន្តការប្រឡងដាច់ដោយឡែក ៦៥នាក់ បេក្ខជនមានជំងឺគ្រុនឈាមចំនួន ៦៦នាក់ និងគ្រោះថ្នាក់ ចរាចរណ៍១០នាក់។ ដោយឡែក គណៈមេប្រយោគមានបញ្ហាសុខភាពសរុប ២៥នាក់៕
ដោយ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





