សហរដ្ឋអាមេរិកនឹងបើកច្រកសមុទ្រអ៊ីរ៉ង់ឡើងវិញ បន្ទាប់ពីការឆ្លងកាត់ច្រកសមុទ្រហ័រមុសត្រូវបានស្តារឡើងវិញ
AKP ភ្នំពេញ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ -- សហរដ្ឋអាមេរិកមានគម្រោងដកការបិទផ្លូវកំពង់ផែអ៊ីរ៉ង់ភ្លាមៗបន្ទាប់ពីកិច្ចព្រមព្រៀងមួយត្រូវបានសម្រេចទៅលើការបន្តការដឹកជញ្ជូនទំនិញដោយគ្មានការរារាំងនៅក្នុងច្រកសមុទ្រហ័រមុស។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានដោយដកស្រង់ប្រភពនៅក្នុងសេតវិមាន។
ប្រភពមួយរបស់ទីភ្នាក់ងារនេះបានកត់សម្គាល់ថា «នៅពេលដែលកិច្ចព្រមព្រៀងត្រូវបានប្រកាសដើម្បីស្តារការដឹកជញ្ជូនពាណិជ្ជកម្មឡើងវិញដោយគ្មានឧបសគ្គ សហរដ្ឋអាមេរិកនឹងដកការបិទផ្លូវកំពង់ផែអ៊ីរ៉ង់»។
ក្នុងពេលជាមួយគ្នានេះ ប្រភពនោះបានសង្កត់ធ្ងន់ថា សកម្មភាពបន្ថែមទៀតរបស់សហរដ្ឋអាមេរិកនឹងត្រូវបានភ្ជាប់ទៅនឹងការបំពេញកាតព្វកិច្ចរបស់អ៊ីរ៉ង់ ដើម្បីធានាដល់ការដឹកជញ្ជូនទំនិញនៅក្នុងច្រកសមុទ្រ។
នៅពេលមុននេះ កាសែត The Wall Street Journal ដោយដកស្រង់ប្រភពបានរាយការណ៍ថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេចដើម្បីបញ្ចប់ជម្លោះជាមួយអ៊ីរ៉ង់ដោយមិនឈានដល់កិច្ចព្រមព្រៀងទៅលើកម្មវិធីនុយក្លេអ៊ែររបស់សាធារណរដ្ឋអ៊ីស្លាមនេះនោះទេ។
នៅថ្ងៃទី០២ ខែសីហា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា លោកបានយល់ព្រមលុបចោលការវាយប្រហារដ៏ខ្លាំងក្លាដែលបានគ្រោងទុកប្រឆាំងនឹងអ៊ីរ៉ង់ ដើម្បីឈានដល់កិច្ចព្រមព្រៀងជាមួយទីក្រុងតេអេរ៉ង់។ យោងតាមរូបលោក បានឱ្យដឹងថា អ៊ីរ៉ង់ និងបណ្តាប្រទេសនៅមជ្ឈិមបូព៌ា បានស្នើសុំឱ្យទីក្រុងវ៉ាស៊ីនតោនចៀសវាងការវាយប្រហារ ដោយសារភាគីទាំងពីរបានព្រមព្រៀងគ្នាទៅលើគម្រោងនៃកិច្ចព្រមព្រៀងនាពេលអនាគត។
នៅថ្ងៃទី០៥ ខែសីហា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក អេស្ម៊ែល បាកាអី បានប្រកាសថា ទីក្រុងតេអេរ៉ង់ និងទីក្រុងមូស្កាត បានព្រមព្រៀងគ្នាទៅលើកូអរដោនេភូមិសាស្ត្រសម្រាប់ផ្លូវដឹកជញ្ជូនទំនិញឆ្លងកាត់ច្រកសមុទ្រហ័រមុស។ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បាននិយាយនៅពេលមុននេះថា ទីក្រុងវ៉ាស៊ីនតោននៅតែពិគ្រោះយោបល់ជាមួយទីក្រុងតេអេរ៉ង់ ហើយរំពឹងថានឹងឈានដល់កិច្ចព្រមព្រៀងមួយក្នុងពេលឆាប់ៗនេះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





