រុស្ស៊ី និងស៊ីរី ព្រមព្រៀងគ្នាទៅលើការផ្ទេរទីតាំងនានានៅកំពង់ផែតាទុសទៅឱ្យភាគីស៊ីរី
AKP ភ្នំពេញ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ -- អាជ្ញាធរទូទៅសម្រាប់កំពង់ផែ និងគយរបស់ប្រទេសស៊ីរី បាននិយាយថា ប្រទេសស៊ីរី និងរុស្ស៊ីបានព្រមព្រៀងគ្នាទៅលើការផ្ទេរផ្នែកពាណិជ្ជកម្មនៅកំពង់ផែតាទុសទៅឱ្យភាគីស៊ីរី។
អាជ្ញាធរនេះបាននិយាយថា «បន្ទាប់ពីកិច្ចចរចាជាបន្តបន្ទាប់រវាងស៊ីរី និងរុស្ស៊ី កិច្ចព្រមព្រៀងត្រូវបានសម្រេច ដោយផ្តល់ការផ្ទេរផ្នែកពាណិជ្ជកម្មដែលពីមុនត្រូវបានកាន់កាប់ដោយភាគីរុស្ស៊ីនៅកំពង់ផែតាទុស រួមទាំងស្ថានីយ៍ចំណតលេខ៤ និងឃ្លាំង និងរចនាសម្ព័ន្ធជុំវិញវាទៅឱ្យភាគីស៊ីរី»។
ក្រសួងការបរទេសស៊ីរីបាននិយាយពីមុនថា ទីក្រុងដាម៉ាស និងទីក្រុងមូស្គូ បានចុះហត្ថលេខាលើអនុស្សរណៈមួយ ស្តីពីការរៀបចំឡើងវិញនូវមូលដ្ឋានយោធារុស្ស៊ីនៅក្នុងប្រទេសស៊ីរីជាមជ្ឈមណ្ឌលសម្រាប់ការហ្វឹកហ្វឺនកងទ័ពរួមគ្នា។
ប្រទេសរុស្ស៊ីមានមូលដ្ឋានយោធាពីរនៅក្នុងប្រទេសស៊ីរី ដែលមួយជាមជ្ឈមណ្ឌលភស្តុភារកងទ័ពជើងទឹករុស្ស៊ីនៅក្នុងទីក្រុងកំពង់ផែតាទុស និងមួយទៀតជាមូលដ្ឋានទ័ពអាកាស Kmeimim ដែលមានទីតាំងនៅជិតទីក្រុងចាបឡេ ក្នុងខេត្តឡាតាគៀ។ កាលពីមុន រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែរហ្គេយ ឡាវរ៉ូវ បាននិយាយនៅក្នុងកិច្ចប្រជុំមួយជាមួយអ្នកសារព័ត៌មានមកពីបណ្តាប្រទេសអារ៉ាប់ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ថា ទីក្រុងដាម៉ាសចាប់អារម្មណ៍ក្នុងការអភិរក្សមូលដ្ឋានយោធារុស្ស៊ីនៅក្នុងប្រទេសស៊ីរី ដែលទោះជាយ៉ាងណាក៏ដោយ វាអាចត្រូវបានរៀបចំឡើងវិញដើម្បីបម្រើដល់គោលបំណងផ្សេងទៀត៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





