AKP ភ្នំពេញ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ -- លោក ម៉ូហាមមេដ អ៊ីសាក់ ដារ (Mohammad Ishaq Dar) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន បានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយ លោក អាប់បាស់ អារ៉ាហ្គជី (Abbas Araghchi) រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ កាលពីថ្ងៃចន្ទ ដោយពិភាក្សាអំពីការអភិវឌ្ឍក្នុងតំបន់ និងអន្តរជាតិ ជាពិសេសកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់សន្តិភាព និងស្ថិរភាព។
យោងតាមសេចក្តីថ្លែងការណ៍មួយពីក្រសួងការបរទេសប៉ាគីស្ថាន បានឱ្យដឹងថា លោក ដារ បានជម្រាបជូនលោក អារ៉ាកជី អំពីកិច្ចព្រមព្រៀងការពារជាតិរួមគ្នានៅទីក្រុងម៉ាកា ដែលទើបចុះហត្ថលេខាថ្មីៗនេះរវាងប៉ាគីស្ថាន អារ៉ាប៊ីសាអូឌីត និងតួកគី ដោយបានបញ្ជាក់ពីគោលបំណងរបស់ខ្លួនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ និងរួមចំណែកដល់សន្តិភាព និងសន្តិសុខក្នុងតំបន់។
លោក អារ៉ាកជី បានថ្លែងអំណរគុណដល់លោក ដារ ចំពោះការចែករំលែកទិដ្ឋភាពសំខាន់ៗនៃកិច្ចព្រមព្រៀង។
សេចក្តីថ្លែងការណ៍បានបន្ថែមថា រដ្ឋមន្ត្រីទាំងពីរបានយល់ព្រមរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធលើបញ្ហាដែលមានផលប្រយោជន៍ទៅវិញទៅមក៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)