កិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ
AKP កំពង់ស្ពឺ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦-- ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយលោក ស្រ៊ុន ស្រ៊ន់ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយ «ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ» កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំធំ «វ៉ី សំណាង» (ជាន់ទី២) នៃអគាររដ្ឋបាលខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីអភិបាលរងរាជធានី-ខេត្តទាំង៨ រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កំពង់ឆ្នាំង ព្រះសីហនុ កោះកុង កំពត និងកែប ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ទីរ-អង្គភាពជំនាញ អភិបាលក្រុង-ស្រុក និងម្ចាស់អាជីវកម្មដ្ឋានធំៗ (ការដ្ឋានថ្ម ដេប៉ូខ្សាច់-ក្រួស រណ្តៅដី រោងចក្រផលិតអង្ករ និងចំណីសត្វ) ជាច្រើនរូប។

ក្នុងឱកាសនោះ លោក ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្ត បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានជ្រើសរើសយករដ្ឋបាលខេត្តកំពង់ស្ពឺ ជាទីកន្លែងរៀបចំកិច្ចប្រជុំច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជូនដល់ថ្នាក់ដឹកនាំរាជធានី ខេត្តទាំង៨ ជូនដល់លោក លោកស្រី ទាំងអស់ ដែលអញ្ជើញមកពីបណ្តារាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត និង ខេត្តកែប នៅរដ្ឋបាលខេត្តកំពង់ស្ពឺ ក្នុងគោលបំណងផ្សព្វផ្សាយ ដើម្បីបញ្ជាបការយល់ដឹងអំពីច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការដឹកជញ្ជូនលើសទម្ងន់ដល់អាជ្ញាធរ ដែនដី មន្ទីរ អង្គភាពពាក់ព័ន្ធ និងម្ចាស់ការដ្ឋានអាជីវកម្មថ្ម ដេប៉ូខ្សាច់-គ្រួស ម្ចាស់ការដ្ឋានជីកយកអាចម៍ដី ម្ចាស់រោងចក្រផលិតអង្ករ ចំណីសត្វ និង ម្ចាស់អាជីវកម្មដ្ឋានទំនិញផ្សេងៗដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តកំពង់ស្ពឺ និងរាជធានី ខេត្តពាក់ព័ន្ធ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម លោកជំទាវ អភិបាលរងរាជធានី-ខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរ-អង្គភាពជំនាញ និងកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់នាពេលកន្លងមក។

ទន្ទឹមនឹងនេះ ឯកឧត្តមបានស្នើសុំឱ្យភាគីពាក់ព័ន្ធទាំងអស់ បន្តសហការគ្នាយ៉ាងជិតស្និទ្ធ និងជួយផ្សព្វផ្សាយបន្តនូវខ្លឹមសារនៃកិច្ចប្រជុំនេះទៅកាន់ ប្រតិបត្តិករដឹកជញ្ជូន ,សមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជាម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ,ម្ចាស់រថយន្តធុនធ្ងន់គ្រប់ប្រភេទ និងម្ចាស់ការដ្ឋានអាជីវកម្មថ្ម ដេប៉ូខ្សាច់ និងការដ្ឋានរណ្តៅដី ការធ្វើបែបនេះ គឺដើម្បីឱ្យភាគីពាក់ព័ន្ធទាំងអស់បានយល់ដឹងកាន់តែច្បាស់ និងចូលរួមគោរពច្បាប់ដោយស្ម័គ្រចិត្ត ចៀសវាងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ សំដៅធានាឱ្យបាននូវគុណភាព សោភ័ណភាព និងសមត្ថភាពប្រកបដោយចីរភាពនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន ឱ្យអាចប្រើប្រាស់បានយូរអង្វែង សម្រាប់ជាប្រយោជន៍សាធារណៈ៕

ដោយ៖ ម៉ែន ប៊ុនធីម





