កិច្ចប្រជុំពិភាក្សាឆ្លងសេចក្តីព្រាងផែនការទទួលយកជនភៀសខ្លួន
AKP ភ្នំពេញ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦--ឯកឧត្ដមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចំពោះកិច្ច (ក.ទ.ជ.អ.) រសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងសេចក្តីព្រាងផែនការទទួលយកជនភៀសខ្លួន ដោយមានការចូលរួមពីអគ្គនាយក អនុប្រធាន និងសមាជិក (ក.ទ.ជ.អ.) ដែលជាតំណាងក្រសួង និងអង្គភាពពាក់ព័ន្ធជាច្រើនរូប។

គោលបំណងសំខាន់នៃកិច្ចប្រជុំនេះគឺ ដើម្បីពិនិត្យ និងសម្រួលសេចក្តីព្រាងផែនការ ពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាពលម្អិតក្នុងការទទួលយកជនភៀសខ្លួនក្នុងស្មារតីមនុស្សធម៌ និងអនុវត្តតាមកិច្ចព្រមព្រៀងអន្តរជាតិ។ ពង្រឹងយន្តការគ្រប់គ្រងអន្តោប្រវេសន៍៖ រៀបចំការងារបច្ចេកទេស នីតិវិធីអន្តោប្រវេសន៍ ការពិនិត្យស្រាវជ្រាវប្រវត្តិរូប និងការចុះបញ្ជីអត្តសញ្ញាណឱ្យបានច្បាស់លាស់ និងត្រឹមត្រូវ និងបង្កើនកិច្ចសហការជិតស្និទ្ធរវាងក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងអង្គការអន្តរជាតិ ដើម្បីធានាបាននូវការសម្របសម្រួលផ្នែកសន្តិសុខ សុវត្ថិភាព សុខុមាលភាព និងការផ្គត់ផ្គង់ជម្រកស្នាក់នៅសមរម្យ។
បើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កិច្ចប្រជុំនេះបានស្តែងឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមចំណែកដោះស្រាយវិបត្តិនយោបាយ និងមនុស្សធម៌នៅលើឆាកអន្តរជាតិប្រកបដោយភាពទទួលខុសត្រូវ និងស្របតាមច្បាប់ជាតិ អន្តរជាតិជាធរមាន៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍)





