បេះដូងគ្រូពេទ្យនៅមណ្ឌលប្រឡងខេត្តបន្ទាយមានជ័យ៖ «ហត់ តែសប្បាយចិត្ត» ដើម្បីអនាគតក្មួយៗបេក្ខជនបាក់ឌុប
AKP បន្ទាយមានជ័យ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦--ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) មិនត្រឹមតែជាការវាស់ស្ទង់សមត្ថភាពចំណេះដឹងរបស់យុវជនជំនាន់ក្រោយប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសមរភូមិដ៏តឹងតែងមួយ ដែលទាមទារនូវកម្លាំងកាយ កម្លាំងចិត្ត និងជាពិសេសគឺ «សុខភាព» ផងដែរ។ នៅក្នុងបរិការណ៍នេះ ភាពកក់ក្តៅ និងការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យប្រចាំការតាមមណ្ឌលប្រឡង គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការជួយទ្រទ្រង់ស្មារតីបេក្ខជនដែលមានបញ្ហាសុខភាពឱ្យអាចបន្តដំណើរការប្រឡងរហូតដល់ទីបញ្ចប់។

យោងតាមប្រសាសន៍របស់ លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងកាលពីរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ថា ក្រុមគ្រូពេទ្យប្រចាំការតាមមណ្ឌលប្រឡងទាំងអស់ក្នុងខេត្ត បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់បំផុត និងបានខិតខំប្រឹងប្រែងបម្រើសេវាដោយស្មារតីវិជ្ជាជីវៈយ៉ាងមុតមាំជូនដល់ប្អូនៗ និងក្មួយៗបេក្ខជន។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់យ៉ាងដូច្នេះថា «ទោះបីប្អូន និងក្មួយមានជំងឺដែលមិនជាសះស្បើយ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ មានបញ្ហាសុខភាពកំពុងប្រឡង ពេលខ្លះត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ បានធូរស្បើយបន្តិចត្រូវបញ្ជូនមកវិញ និងត្រូវត្រឡប់ទៅកាន់មន្ទីរពេទ្យវិញនៅពេលប្រឡងចប់ដើម្បីព្យាបាលបន្តក្តី ក៏លោកគ្រូ អ្នកគ្រូពេទ្យ សប្បាយចិត្ត និងបម្រើដោយបេះដូង ដើម្បីជោគជ័យនៃការប្រឡង ហត់ តែសប្បាយចិត្ត ដែលបានជួយប្អូន និងក្មួយៗ ដើម្បីទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រឡង»។ ស្មារតីនេះបានសបញ្ជាក់ឱ្យឃើញច្បាស់ថា អាវសរបស់គ្រូពេទ្យមិនត្រឹមតែព្យាបាលរាងកាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងព្យាបាល និងផ្តល់ភាពកក់ក្តៅដល់ស្មារតីរបស់ក្មួយៗបេក្ខជនក្នុងស្ថានភាពដ៏តានតឹងផងដែរ។

យោងតាមទិន្នន័យផ្លូវការពីមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ សម័យប្រឡងឆ្នាំ២០២៦ នេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ៦,៥០២នាក់ (ក្នុងនោះស្រី ៣,៧០២នាក់) ដោយត្រូវបានបែងចែកទៅតាមមណ្ឌល និងថ្នាក់សិក្សា៖ ថ្នាក់សិក្សាចំនួនមណ្ឌលចំនួនបន្ទប់ថ្នាក់វិទ្យាសាស្ត្រ៣ មណ្ឌល៦៩ បន្ទប់ថ្នាក់វិទ្យាសាស្ត្រសង្គម៥ មណ្ឌល១៩៧ បន្ទប់សរុបរួម៨ មណ្ឌល២៦៦ បន្ទប់។ ក្នុងអំឡុងពេលដំណើរសំណេរនៃការប្រឡងនាថ្ងៃទី១ និងឈានចូលដល់ព្រឹកថ្ងៃទី២ នេះ ក្រសួងអប់រំ យុវជន និងកីឡា បានកត់សម្គាល់ឃើញថា មានបេក្ខជនមកពីបណ្តាខេត្តមួយចំនួនមានបញ្ហាសុខភាព។ ទោះបីជាយ៉ាងណាក៏ដោយ ក្រោមការយកចិត្តទុកដាក់មើលថែយ៉ាងដិតដល់ពីក្រុមគ្រូពេទ្យប្រចាំការ បេក្ខជនមួយចំនួនដែលមានអាការៈធូរស្រាល ត្រូវបានអនុញ្ញាតឱ្យបន្តការប្រឡងឡើងវិញយ៉ាងរលូន។ ដើម្បីធានាបាននូវដំណើរការប្រឡងប្រកបដោយជោគជ័យ និងសុខភាពល្អបរិបូរណ៍ ក្រសួងអប់រំ យុវជន និងកីឡា បានជំរុញ និងលើកទឹកចិត្តដល់បេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អប្រសើរសម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ យកចិត្តទុកដាក់លើបញ្ហាអនាម័ចំណីអាហារកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងមន្ត្រីអប់រំ អាជ្ញាធរពាក់ព័ន្ធ និងជាពិសេសគឺ ក្រុមគ្រូពេទ្យប្រចាំការ នៅតាមមណ្ឌលប្រឡងខេត្តបន្ទាយមានជ័យ គឺជាស្មារតីដ៏អស្ចារ្យមួយក្នុងការធានាថា គ្មានបេក្ខជនណាម្នាក់ត្រូវបានបោះបង់ចោលឡើយក្នុងដំណើរស្វែងរកអនាគតដ៏ភ្លឺស្វាងរបស់ពួកគេ៕

ដោយ ឈុន សារ៉ាត





