សម្តេចប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហាន ប្រធានរដ្ឋសភាឡាវ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
AKP ភ្នំពេញ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦--សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហាន (Xaysomphone PHOMVIHANE) ប្រធានរដ្ឋសភាឡាវ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហាន បានទទួលមរណភាពកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៧០ឆ្នាំ ដោយរោគាពាធ។ ឯកឧត្តមបណ្ឌិត ជាថ្នាក់ដឹកនាំឡាវដ៏ឆ្នើមមួយរូប ដែលបានពូនជ្រំ និងលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការដ៏ល្អ ជាប្រពៃណីនៃប្រទេសទាំងពីរឡាវ-កម្ពុជា ជាពិសេសការលើកកម្ពស់ទំនាក់ទំនងប្រជាជននិងប្រជាជន ស្របតាមស្មារតីទំនាក់ទំនងនៃប្រទេសទំាង ពីរ «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងគង់វង្សយូរអង្វែងជាមួយគ្នា» រវាងប្រទេសទាំងពីរ។

តាមគម្រោង កម្មវិធី នៅព្រឹកថ្ងៃទី១១ សីហាស្អែក បន្ទាប់ពីអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហាន នៅវិមានរដ្ឋសភាឡាវរួច សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី នឹងជួបសម្តែងការគួរសមនិងពិភាក្សាការងារ ជាមួយ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត (Thongloun SISOULITH) អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ មុននឹងអញ្ជើញនិវត្តន៍មកកាន់មាតុប្រទេសវិញ៕

ដោយ៖ ប៊ុនរិទ្ធ





