វគ្គបណ្តុះបណ្តាលយល់ដឹងពីសន្តិសុខសាយប័រ
AKP កែប ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦-- វិទ្យាស្ថានអភិបាលកិច្ចឌីជីថលនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) សហការជាមួយមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកែប បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «សន្តិសុខសាយប័រ» ជូនដល់មន្ត្រីរាជការនៃរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ-អង្គភាពនានាជុំវិញខេត្ត នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក លី សាវេត អភិបាលរងខេត្តកែប តំណាងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប។

លោក លី សាវេត បានលើកឡើងថា ក្នុងយុគសម័យបរិវត្តកម្មឌីជីថល ការប្រើប្រាស់បច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការងារ និងជីវភាពប្រចាំថ្ងៃ។ ដូច្នេះ ការយល់ដឹងអំពីសន្តិសុខសាយប័រ គឺជាកត្តាចាំបាច់សម្រាប់មន្ត្រីរាជការ ដើម្បីធានាបាននូវសុវត្ថិភាពព័ត៌មាន ទាំងទិន្នន័យផ្ទាល់ខ្លួន និងទិន្នន័យរបស់ស្ថាប័នរដ្ឋ ភាពរីកចម្រើននៃបច្ចេកវិទ្យាឌីជីថលកាន់តែទូលំទូលាយ ក្នុងនោះការគំរាមកំហែងផ្នែកសន្តិសុខសាយប័រ (Cybersecurity) ក៏បាន និងកំពុងកើនឡើងគួរឱ្យកត់សម្គាល់។ ស្ថានភាពនេះតម្រូវឱ្យអ្នកប្រើប្រាស់បណ្តាញអ៊ីនធើណែតទាំងអស់មានការប្រុងប្រយ័ត្ន និងយល់ដឹងអំពីវិធីសាស្ត្រការពារខ្លួនពីការវាយប្រហារតាមប្រព័ន្ធបច្ចេកវិទ្យា។

ជាមួយគ្នានេះ លោក លី សាវេត ក៏បានផ្តាំផ្ញើ និងលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ឱ្យខិតខំយកចិត្តទុកដាក់ត្រង់ត្រាប់ស្តាប់បទបង្ហាញរបស់គ្រូឧទ្ទេស ចូលរួមផ្លាស់ប្តូរមតិយោបល់ និងអនុវត្តជាក់ស្តែង ដើម្បីក្រសោបយកចំណេះដឹង និងបទពិសោធន៍ល្អៗពីវគ្គបណ្តុះបណ្តាលនេះ៕

ដោយ AKP





