ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន និងឯកឧត្តម ហ៊ុន ម៉ានី បើកហឹបវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិ
AKP ភ្នំពេញ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦–សម្រាប់ព្រឹកថ្ងៃទី១ នៃដំណើរការសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ:បានអញ្ជើញផ្តល់កិត្តិយសបើកហឹបវិញ្ញាសានៅតាមបន្ទប់ប្រឡង ដោយមានការត្រួតពិនិត្យពីអង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអ្នកពាក់ព័ន្ធចូលរួម ដើម្បីពិនិត្យភាពបិទជិត មានបិទស្កុត និងត្រាស្រោមប្រធានវិញ្ញាសានៅចំពោះមុខបេក្ខជន។

សូមជម្រាបថា វិញ្ញាសាទាំងអស់ត្រូវបានជ្រើសរើស តាក់តែង រៀបចំ និងគ្រប់គ្រងដោយក្រសួងអប់រំ យុវជន និងកីឡា។ វិញ្ញាសាប្រឡងត្រូវបានកំណត់សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម។ ទម្រង់វិញ្ញាសាត្រូវបានរៀបចំជាពីរ គឺទម្រង់វិញ្ញាសាចម្លងដាក់លើក្តារខៀន និងទម្រង់វិញ្ញាសាសន្លឹកក្រដាសចែកជូនបេក្ខជន។

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦នេះ មានដំណើរការសំណេរ ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ ដំណើរការកំណែ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ ដំណើរការបោះពុម្ពលទ្ធផលប្រឡង ប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦។ រីឯលទ្ធផលប្រឡងនឹងត្រូវប្រកាសនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ តាមមណ្ឌលសំណេរនៃរាជធានី ខេត្តទាំង២៥ ទូទាំងប្រទេស។ ការប្រឡងនេះមានបេក្ខជនចុះឈ្មោះសរុប ១៥១ ២៣៨នាក់ (ស្រី ៨៤ ៧៣៥នាក់) ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៣៧ ៤៤៥នាក់ (ស្រី ២២ ១៩៣នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១១៣ ៧៩៣នាក់ (ស្រី ៦២ ៥៤២នាក់)៕


ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





