លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា អញ្ជើញសម្ពោធជាផ្លូវការស្ទូឌីយ៉ូ Jotun Studio 271 របស់ក្រុមហ៊ុន N&P Investment Co., Ltd.
AKP ភ្នំពេញ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦–លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការនូវស្ទូឌីយ៉ូ Jotun Studio 271 ដែលជាសមិទ្ធផលថ្មីរបស់ក្រុមហ៊ុន N&P Investment Co., Ltd.។ ពិធីនេះបានប្រព្រឹត្តទៅយ៉ាងអធិកអធម ក្រោមការចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុន និងដៃគូពាក់ព័ន្ធជាច្រើន។

ក្នុងឱកាសនោះ លោកជំទាវបានថ្លែងអំណរគុណ និងសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះក្រុមហ៊ុន N&P Investment Co., Ltd. ដែលបានសម្រេចសមិទ្ធផលដ៏សំខាន់នេះ។ លោកជំទាវបានគូសបញ្ជាក់ថា ការបង្កើតស្ទូឌីយ៉ូ Jotun Studio 271 នេះ ឆ្លុះបញ្ចាំងពីចក្ខុវិស័យ និងការប្តេជ្ញាចិត្តខ្ពស់របស់ក្រុមហ៊ុន ក្នុងការនាំមកនូវផលិតផល និងសេវាកម្មដែលមានគុណភាពខ្ពស់ចូលមកក្នុងទីផ្សារកម្ពុជា។ ក្រុមហ៊ុន N&P Investment Co., Ltd. ដែលបានបង្កើតឡើងតាំងពីឆ្នាំ២០១២ បានបង្ហាញពីភាពរឹងមាំ និងការតស៊ូក្នុងការអភិវឌ្ឍអាជីវកម្មរបស់ខ្លួន ទោះបីជាបានឆ្លងកាត់បញ្ហាប្រឈមជាច្រើនដូចជា វិបត្តិជំងឺកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ។

លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា បានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍវិស័យសំណង់ និងសេដ្ឋកិច្ចកម្ពុជា ដោយចាត់ទុកវិស័យឯកជនជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច បង្កើតឱកាសការងារ និងអភិវឌ្ឍធនធានមនុស្ស។

លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ក៏បានលើកឡើងពីតួនាទីដ៏សំខាន់របស់ស្ទូឌីយ៉ូ Jotun Studio 271 ក្នុងការចូលរួមលើកកម្ពស់វិស័យសំណង់ឱ្យកាន់តែមានគុណភាពខ្ពស់ ព្រមទាំងចូលរួមកសាងអគារបៃតង ដែលធានាដល់ប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល កាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន និងចូលរួមអភិវឌ្ឍប្រកបដោយចីរភាព។

លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ក៏បានថ្លែងអំណរគុណ និងកោតសរសើរខ្ពស់ចំពោះលោកជំទាវអគ្គនាយិកាក្រុមហ៊ុន N&P Investment Co., Ltd. ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត ស្មារតី និងថវិកា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងសកម្មភាពសង្គម និងមនុស្សធម៌ នាពេលកន្លងមក។

លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា បានក្លាយជាគំរូដ៏ល្អសម្រាប់ស្ត្រីកម្ពុជាផ្សេងៗទៀត ក្នុងការរួមចំណែកអភិវឌ្ឍសង្គមជាតិ។ លោកជំទាវបានជូនពរឱ្យក្រុមហ៊ុនបន្តទទួលបានជោគជ័យ កាន់តែរីកចម្រើន និងពង្រីកសមិទ្ធផលថ្មីៗជាបន្តបន្ទាប់៕
ដោយ៖ គង់ សិរីរ័ត្ន





