កិច្ចប្រជុំគណៈមេប្រយោគសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦
AKP ភ្នំពេញ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦-- នៅខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តកំពង់ធំ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ដើម្បីផ្សព្វផ្សាយ និងណែនាំអំពីតួនាទី ភារកិច្ច និងវិធានការសំខាន់ៗក្នុងការធានាឱ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព និងស្របតាមគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡាក្រោមវត្តមាន ឯកឧត្តមបណ្ឌិត ជួន ជីវិន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តកំពង់ធំព្រមទាំងគណៈមេប្រយោគ គណៈកម្មការនានា និងអ្នកពាក់ព័ន្ធក្នុងការរៀបចំការប្រឡងជាច្រើនរូប។

ជាមួយគ្នានេះ លោក ហាន កុសល អភិបាលរងខេត្តកំពង់ធំ បានសម្តែងការគាំទ្រ និងប្តេជ្ញាសហការយ៉ាងពេញទំហឹងជាមួយក្រសួងអប់រំ យុវជន និងកីឡា និងគណៈមេប្រយោគ ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងបរិយាកាសល្អប្រសើរ សម្រាប់ដំណើរការប្រឡងនៅតាមមណ្ឌលប្រឡងក្នុងខេត្តកំពង់ធំ។ លោកក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ច មន្ត្រីពាក់ព័ន្ធ និងគ្រប់ភាគីទាំងអស់ បន្តសហការគ្នាឱ្យបានល្អ ដើម្បីសម្រួលដល់ការធ្វើដំណើរ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងជួយសម្រួលដល់បេក្ខជន អាណាព្យាបាល និងអ្នកពាក់ព័ន្ធក្នុងអំឡុងពេលប្រឡង។

ឯកឧត្តមបណ្ឌិត ជួន ជីវិន បានមានប្រសាសន៍សំណេះសំណាល និងណែនាំដល់គណៈមេប្រយោគ និងគណៈកម្មការប្រឡងទាំងអស់ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តតួនាទី ភារកិច្ច និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការប្រឡង។ ឯកឧត្តមបានគូសបញ្ជាក់ពីសារៈសំខាន់នៃការរក្សាសណ្តាប់ធ្នាប់ វិន័យ សីលធម៌វិជ្ជាជីវៈ អព្យាក្រឹតភាព និងការទទួលខុសត្រូវ ដើម្បីធានាថាបេក្ខជនទាំងអស់ទទួលបានឱកាសស្មើគ្នា និងការប្រឡងប្រព្រឹត្តទៅដោយយុត្តិធម៌។


ឯកឧត្តមក៏បានណែនាំឱ្យគណៈមេប្រយោគ និងគណៈកម្មការប្រឡង អនុវត្តតាមនីតិវិធី និងសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ឱ្យបានម៉ឺងម៉ាត់ ព្រមទាំងត្រូវពិនិត្យ និងដោះស្រាយបញ្ហាដែលអាចកើតមានក្នុងដំណើរការប្រឡងដោយមានការទទួលខុសត្រូវ និងប្រកបដោយតម្លាភាព៕
ដោយ ស៊ុម វណ្ណា





