លោក គួច ហុងជៀក រំភើបអួលដើមក ពេលអត្តពលិកហាប់គីដូកម្ពុជា ប្រឹងហ្វឹកហាត់ និងចំណាយថវិកាផ្ទាល់ខ្លួនចូលរួមប្រកួតជើងឯកអាស៊ី នៅចិន
AKP ភ្នំពេញ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦--លោក គួច ហុងជៀក ប្រធានស្តីទី សហព័ន្ធខ្មែរកីឡាហាប់គីដូបានបង្ហាញក្តីរំភើបរីករាយយ៉ាងខ្លាំងនៅពែលដែលឃើញកីឡាករ កីឡាការិនីហាប់គីដូកម្ពុជាខិតខំប្រឹងប្រែងហ្វឹកហាត់ហើយចេញថវិកាផ្ទាល់ខ្លួនចេញទៅប្រកួតហាប់គីដូ ជើងឯកអាស៊ី លើកទី៣ នៅទីក្រុងហុងកុង សាធារណរដ្ឋប្រជាមានិតចិន ដែលគ្រោងធ្វើឡើងពីថ្ងៃទី១៣-១៧ ខែសីហា ឆ្នាំ២០២៦។

នៅក្នុងឱកាសសំណេះសំណាលលើកទឹកចិត្ត និងសន្និសីទសារព័ត៌មាន កាលពីព្រលប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ នៅទីស្នាក់ការសហព័ន្ធនៃពហុកីឡដ្ឋានជាតិអូឡាំពិក ប្រធានស្តីទីរូបនេះបានគូសបញ្ជាក់បែបនេះថា៖ «ខ្ញុំអួលដើមក ដោយសារតែក្តីរំភើប ដោយការចូលរួមប្រកួតជើងឯកអាស៊ី លើកទី៣ នៅប្រទេសចិននាពេលនេះ គឺប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីហាប់គីដូកម្ពុជា សរុប១៤នាក់បានចំណាយថវិកាផ្ទាល់ខ្លួនជាង៩០% និងទទួលបានការជួយឧបត្ថម្ភគាំទ្រពីសហព័ន្ធបន្តិចបន្តួចជាមួយនឹងការលើកទឹកចិត្តប៉ុណ្ណោះ។ នេះគឺជាឆន្ទៈដ៏មោះមុតបំផុតរបស់ប្រតិភូកីឡាហាប់គីដូ ដោយពុះពារការលំបាក ការខ្វះខាត ហើយចំណាយធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមប្រកួតប្រជែងមេដាយជូនជាតិ។ ការចូលរួមប្រកួតអន្តរជាតិ២លើកកន្លងទៅ ប្រតិភូកីឡាយើងទទួលបានការឧបត្ថម្ភគាំទ្រថវិកាពីសហព័ន្ធច្រើន ប៉ុន្តែនៅឆ្នាំ២០២៦នេះ គឺពួកគាត់ខិតខំហ្វឹកហាត់យ៉ាងខ្លាំងក្លាហើយ ព្រមទាំងចំណាយថវិកាផ្ទាល់ខ្លួនទៀត»។

លោក គួច ហុងជៀក សង្កត់ធ្ងន់បែបនេះបន្ថែមថា៖ «ការប្តេជ្ញាចិត្តដ៏មោះមុតបែបនេះ ខ្ញុំជឿជាក់ថា ពួកគាត់មិនថយក្រោយទេ ពោលគឺមានតែដើរឆ្ពោះទៅមុខ ហើយសហព័ន្ធនឹងកាន់តែរឹងមាំទៅៗពីមួយជំនាន់ទៅមួយជំនាន់ ដោយសារតែការតស៊ូ និងការលះបង់កម្លាំកាយ កម្លាំងចិត្ត ថវិកាផ្ទាល់ខ្លួនរបស់កីឡាករ កីឡាការិនី។ ជាធម្មតា ថ្នាក់ដឹកនាំសហព័ន្ធត្រូវចំណាយរបស់កីឡាករ កីឡាការិនីក្នុងការចេញទៅប្រកួតអន្តរជាតិ ប៉ុន្តែលើកនេះ ពួកគាត់បានធ្វើដោយខ្លួនឯង»។

ក្នុងនាមសហព័ន្ធ យើងជឿជាក់ថា តាមរយៈសមិទ្ធផលមេដាយមាស ប្រាក់ និងសំរឹទ្ធិពីការប្រកួតអន្តរជាតិ ២លើកកន្លងមក ក៏ដូចជាការប្តេជ្ញាចិត្តប្រឹងប្រែងប្រកួតជើងឯកអាស៊ី នៅប្រទេសចិន ក្នុងខែសីហា ឆ្នាំ២០២៦ ឆាប់ៗខាងមុខនេះ សហព័ន្ធសង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡានឹងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តជូនដល់កីឡាករ កីឡាការិនី ដែលប្រឹងប្រែងដណ្តើមមេដាយជូនជាតិ រួមទាំងការចូលរួមឧបត្ថម្ភគាំទ្រពីដៃគូឧបត្ថម្ភផ្សេងៗទៀត នាពេលខាងមុខ។ ប្រតិភូកីឡាហាប់គីដូកម្ពុជាមានចំនួនសរុប ១៤នាក់ គ្រូបង្វឹក ២នាក់ និងមន្ត្រីកីឡាម្នាក់ ពោរពេញដោយមោទនភាពក្នុងការតំណាងឱ្យកម្ពុជាតទល់នឹងក្រុមហាប់គីដូដទៃមកពីបណ្តាប្រទេសនានា ក្នុងទ្វីបអាស៊ី៕

ដោយ ហេង ណាលីន





