រាជបណ្ឌិត្យសភាកម្ពុជាចុះ MoU ជាមួយសាលានាយទាហានសកម្ម ជំរុញការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្ររួមគ្នា និងការផ្លាស់ប្ដូរព័ត៌មាន
AKP ភ្នំពេញ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦–នៅរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដម បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងរាជបណ្ឌិត្យសភាកម្ពុជានិងសាលានាយទាហានសកម្ម ជាមួយនឹងឯកឧត្ដមឧត្ដមសេនីយ៍ត្រី ហួរ ម៉េងហួង នាយកសាលានាយទាហានសកម្ម ដើម្បីជំរុញកិច្ចសហប្រតិបត្តិរវាងស្ថាប័នទាំងពីរ។

ឯកឧត្ដម បណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍ថា ឯកឧត្ដមពិតជាមានសេចក្ដីសោមនស្សក្រៃលែងនៅក្នុងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានាឱកាសនេះ ហើយឯកឧត្ដមបណ្ឌិតសភាចារ្យ មានក្ដីរំពឹងយ៉ាងមុតមាំថា អនុស្សរណៈនៃការយោគយល់គ្នានេះនឹងក្លាយទៅជាចលករយ៉ាងសំខាន់នៅក្នុងការជំរុញកិច្ចសហប្រតិបត្តិផ្លាស់ប្ដូរទស្សនៈយល់ឃើញ ជំរុញការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្ររួមគ្នា ការផ្លាស់ប្ដូរព័ត៌មាន និងការបោះពុម្ពផ្សាយ ការផ្លាស់ប្ដូរទស្សនកិច្ច និងកិច្ចសហប្រតិបត្តិការផ្សេងៗរវាងស្ថាប័នទាំងពីរ ដោយផ្អែកលើគោលការណ៍ពិគ្រោះយោបល់ និងការឯកភាពគ្នារវាងគូភាគី ។

មានប្រសាសន៍ក្នុងឱកាសចុះអនុស្សរណៈនៃការយោគយល់គ្នារវាងស្ថាប័នទាំងពីរ ឯកឧត្ដមឧត្ដមសេនីយ៍ត្រី ហួរ ម៉េងហួង បានលើកឡើងថា ការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងសាលានាយទាហានសកម្មជាមួយនឹងរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីរួមចំណែកនៅក្នុងការពង្រីកចំណេះដឹងថ្នាក់ដឹកនាំ បុគ្គលិក យោធាចារ្យ និងនិស្សិតនាយទាហានសកម្ម ធ្វើកិច្ចសហប្រតិបត្តិការនៅក្នុងការបណ្ដុះបណ្ដាល និងពង្រីកទំនាក់ទំនងរវាងវិស័យយោធានិងវិស័យស៊ីវិល ដើម្បីអភិវឌ្ឍសង្គមជាតិ ៕

ដោយ៖ ណយ នឿន (ប្រភព៖រាជបណ្ឌិត្យសភាកម្ពុជា)





