សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការប្រកួតយកពិន្ទុក្នុងសង្គមគឺពិបាកណាស់ និស្សិតត្រូវពង្រឹងសមត្ថភាពដើម្បីអនុវត្តការងារជាក់ស្ដែង
AKP ភ្នំពេញ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦--សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការប្រកួតប្រជែងយកពិន្ទុក្នុងសាលា មិនដូចការប្រកួតប្រជែងក្នុងជីវិតជាក់ស្ដែងទេ ដូច្នេះនិស្សិតមិនត្រូវជ្រើសរើសតែសាលាដែលមានវិន័យធូររលុង រៀនយកពិន្ទុតាមវិធីសាស្ត្រមិនសុចរិតដើម្បីចប់យកតែសញ្ញាបត្រនោះទេ។ និស្សិតត្រូវពង្រឹងសមត្ថភាពឱ្យបានខ្លាំងក្លា ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ពេលរៀនចប់ចេញទៅប្រកួតការងារជាក់ស្ដែងក្នុងសង្គម។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជូននិស្សិតជ័យ លាភីនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច ចំនួន ៤.០០១នាក់និងសម្ពោធ អគារសិក្សា ចំណត និងការិយាល័យ កម្ពស់៦ជាន់ ក្នុងបរិវេណសាកលវិទ្យាល័យ ដែលពិធីនេះប្រព្រឹត្តិទៅ នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា និស្សិតមិនត្រូវទៅរៀនសាលាងាយស្រួលទទួលបានសញ្ញាបត្រដោយមិនចាំបាច់រៀននោះទេ។

ជុំវិញបញ្ហានេះ សម្ដេចធិបតីបានគូសបញ្ជាក់ថា«យើងមិនត្រូវទៅរៀនដោយគ្រាន់តែចង់បាននិទ្ទេស A ហើយសញ្ញាបត្រចប់ តែយើងអត់ពេញនោះទេ បានន័យថា អ្នកខ្លះចង់បានតែសាលាស្រួលមិនបាច់រៀនទេ ទៅដល់បានAហើយចប់សញ្ញាបត្រហ្មងធូរ សម័យឥឡូវដាក់Homework មក បើប្រើ AI បានទៀត ប្រើហ្មងមិនបាច់ តែកុំភ្លេចណាស់ បានអាហ្នឹងមែន ប៉ិនពេលទៅប្រកួតប្រជែងក្នុងជីវិតគ្មានគ្រូជួយ គ្មានអីឱ្យពិន្ទុនោះ ពិន្ទុក្នុងសង្គមគឺពិបាកណាស់»។
សម្ដេចធិបតី ថែមទាំងបានលើកឧទារហណ៍បទពិសោធន៍ផ្ទាល់ខ្លួនសម្ដេចពេលរៀន និងពេលចេញមកធ្វើការងារឱ្យនិស្សិតស្ដាប់ដើម្បីជាការពិចារណាទៀតផង៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី





