ក្រសួងប្រៃសណីយ៍រៀបចំសិក្ខាសាលាផ្ទៀងផ្ទាត់លើសេចក្តីព្រាងច្បាប់ ស្តីពីកិច្ចការពារទិន្នន័យបុគ្គល
AKP ភ្នំពេញ ថ្ងៃ០៥ ខែសីហា ឆ្នាំ២០២៦ -- ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ នេះ បានរៀបចំ «សិក្ខាសាលាផ្ទៀងផ្ទាត់លើសេចក្តីព្រាងច្បាប់ ស្តីពីកិច្ចការពារទិន្នន័យបុគ្គល» ក្រោមអធិបតីភាព ឯកឧត្តម គង់ ផល្លៈ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោកស្រី Cristina Novio Garcia អ្នកគ្រប់គ្រងកម្មវិធីនៃតំណាងស្ថានប្រតិភូសហភាពអឺរ៉ុប្រចាំកម្ពុជា ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង-ស្ថាប័ន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ ស្ថាប័នអប់រំ សង្គមស៊ីវិល និងអ្នកជំនាញ ដើម្បីពិនិត្យ ផ្ទៀងផ្ទាត់ និងប្រមូលធាតុចូលលើសេចក្តីព្រាងច្បាប់នេះ មុននឹងបន្តនីតិវិធីតាមផ្លូវច្បាប់។

ឯកឧត្តម រដ្ឋលេខាធិការ គង់ ផល្លៈ បានលើកឡើងថា ទិន្នន័យជាធនធានសំខាន់សម្រាប់ការអភិវឌ្ឍឌីជីថល ខណៈដែលទំនុកចិត្តជាមូលដ្ឋានសម្រាប់ការប្រើប្រាស់សេវាឌីជីថល ការច្នៃប្រឌិត និងការវិនិយោគ។ ការការពារទិន្នន័យបុគ្គលមិនត្រឹមតែការពារសិទ្ធិឯកជនភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគ្រឹះសម្រាប់ការអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) ប្រកបដោយការទទួលខុសត្រូវ និងការកសាងសេដ្ឋកិច្ចឌីជីថលប្រកបដោយចីរភាពផងដែរ។
សេចក្តីព្រាងច្បាប់ ស្តីពីកិច្ចការពារទិន្នន័យបុគ្គល ត្រូវបានរៀបចំឡើងដោយផ្អែកលើការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ និងការសិក្សាបទពិសោធន៍ជាតិ និងអន្តរជាតិ ដើម្បីបង្កើតក្របខ័ណ្ឌច្បាប់ទំនើប ដែលការពារទិន្នន័យបុគ្គល ពង្រឹងទំនុកចិត្តសាធារណៈ គាំទ្រនវានុវត្តន៍ និងបង្កើនការប្រកួតប្រជែងរបស់កម្ពុជាក្នុងសេដ្ឋកិច្ចឌីជីថល។ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធឱ្យបន្តចូលរួមផ្តល់មតិយោបល់ប្រកបដោយស្មារតីស្ថាបនា ដើម្បីរួមចំណែកកែលម្អសេចក្តីព្រាងច្បាប់ឱ្យមានគុណភាព និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងអនាគតឌីជីថលរបស់កម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តម រដ្ឋលេខាធិការ បានចែករំលែកទស្សនៈមួយថា ការអនុវត្តច្បាប់មិនចាប់ផ្តើមនៅថ្ងៃដែលច្បាប់ចូលជាធរមាននោះទេ ប៉ុន្តែចាប់ផ្តើមតាំងពីដំណាក់កាលនៃការតាក់តែងច្បាប់ និងការត្រៀមខ្លួន។ ច្បាប់មួយអាចទទួលបានជោគជ័យ ល្គឹកណាមានការចូលរួម និងការគាំទ្រពីភាគីពាក់ព័ន្ធ។ ក្នុងន័យនេះ ការពិគ្រោះយោបល់កន្លងមក និងសិក្ខាសាលាផ្ទៀងផ្ទាត់នាពេលនេះ មិនមែនគ្រាន់តែជាដំណើរការតាក់តែងច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែជាជំហានដំបូងនៃការអនុវត្តច្បាប់ផងដែរ។
តាមរយៈការចូលរួមរបស់ភាគីពាក់ព័ន្ធទាំងអស់ យើងបានរួមគ្នាកសាងការយល់ដឹង ពង្រឹងទំនុកចិត្ត និងត្រៀមខ្លួន ដើម្បីធានាឱ្យការអនុវត្តច្បាប់នេះទទួលបានជោគជ័យ។ ឯកឧត្តមគង់ ផល្លៈ បានបញ្ចប់ប្រសាសន៍ដោយសង្កត់ធ្ងន់ថា «បញ្ញាសិប្បនិម្មិត (AI) អាចកំណត់អនាគតរបស់យើង ប៉ុន្តែការការពារទិន្នន័យបុគ្គលនឹងកំណត់ថា អនាគតនោះអាចទទួលបានទំនុកចិត្តដែរឬទេ»៕

ដោយ៖ ណយ នឿន (ប្រភព៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍)





