ស្រីលង្កាបើកសម្ពោធស្ថានកុងស៊ុលកិត្តិយសជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦-- សាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កាបានបើកសម្ពោធស្ថានកុងស៊ុលកិត្តិយសប្រចាំព្រះរាជាណាចក្រកម្ពុជាជាផ្លូវការហើយ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ដោយពិធីបើកបានប្រព្រឹត្តទៅនៅសណ្ឋាគារ Raffles Hotel Le Royal រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម អ៊ុន ឃាង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ E.A.S. Wijayanthi Edirisinghe ឯកអគ្គរដ្ឋទូតស្រីលង្កាប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីសមាជិកអង្គទូត មន្ត្រីរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចសំខាន់ៗជាច្រើនរូប។

ថ្លែងក្នុងកម្មវិធីបើកសម្ពោធស្ថានកុងស៊ុលកិត្តិយសស្រីលង្កាប្រចាំព្រះរាជាណាចក្រកម្ពុជានាពេលនេះ ឯកឧត្តម អ៊ុន ឃាង រដ្ឋលេខាធិការ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នាថ្ងៃនេះគឺជាសមិទ្ធផល និងជាទំព័រប្រវត្តិសាស្ត្រដ៏សំខាន់មួយទៀត ក្នុងទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងរវាងប្រទេសយើងទាំងពីរ ហើយក៏ជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការបន្តពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើនបន្ថែមទៀតនាឆ្នាំខាងមុខ។

ឯកឧត្តមបានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ស្រីលង្កា មានប្រវត្តិសាស្ត្រជាង១,០០០ឆ្នាំមកហើយ តាមរយៈបេតិកភណ្ឌព្រះពុទ្ធសាសនាថេរវាទ ហើយការបង្កើតស្ថានកុងស៊ុលកិត្តិយសនាពេលនេះ គឺជាជំហានដ៏ទាន់ពេលវេលាក្នុងការជំរុញកិច្ចសន្ទនា និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត។ ក្រៅពីកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា និងស្រីលង្កា តែងតែគាំទ្រគ្នាទៅវិញទៅមកជានិច្ចនៅក្នុងវេទិកាតំបន់ និងពហុភាគី។ កិច្ចសហប្រតិបត្តិការនេះកាន់តែមានសារៈសំខាន់ខ្លាំងឡើង ក្នុងខណៈដែលបណ្តាប្រទេសនៅលើពិភពលោកកំពុងជួបប្រទះការប្រែប្រួលយ៉ាងឆាប់រហ័សនៃទិដ្ឋភាពអន្តរជាតិ ដែលតម្រូវឱ្យយើងរួមគ្នាពង្រឹងកិច្ចសន្ទនា ប្រព័ន្ធពហុភាគីនិយម និងការដោះស្រាយបញ្ហាប្រឈមអន្តរជាតិដោយសន្តិវិធី។

ឯកឧត្តមរដ្ឋលេខាធិការជឿជាក់ថា ស្ថានកុងស៊ុលកិត្តិយសស្រីលង្កានឹងដើរតួជាស្ពានភ្ជាប់ទំនាក់ទំនងយ៉ាងមានប្រសិទ្ធភាពរវាងកម្ពុជា និងស្រីលង្កា តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សម្រួលដល់ពាណិជ្ជកម្ម និងការវិនិយោគ លើកកម្ពស់ទេសចរណ៍ ជំរុញការផ្លាស់ប្តូរវប្បធម៌ និងការអប់រំ ព្រមទាំងផ្តល់សេវា និងជំនួយផ្នែកកុងស៊ុលដ៏មានតម្លៃដល់ពលរដ្ឋស្រីលង្កាដែលរស់នៅក្នុងប្រទេសកម្ពុជា។
លោក Pily Wong កុងស៊ុលកិត្តិយសស្រីលង្កាប្រចាំព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា ថ្ងៃនេះគឺជាទំព័រប្រវត្តិសាស្ត្រដ៏មានអត្ថន័យបំផុត មិនត្រឹមតែសម្រាប់រូបលោកផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ទំនាក់ទំនងការទូត សេដ្ឋកិច្ច និងវប្បធម៌រវាងប្រជាជាតិដ៏អស្ចារ្យទាំងពីរផងដែរ ទោះបីជាកម្ពុជា និងស្រីលង្កា មានចម្ងាយភូមិសាស្ត្រឆ្ងាយពីគ្នាក៏ដោយ ប៉ុន្តែប្រជាជាតិទាំងពីរមានទំនាក់ទំនងវប្បធម៌ និងជំនឿសាសនាយ៉ាងជ្រាលជ្រៅតាមរយៈព្រះពុទ្ធសាសនាថេរវាទ។

ស្ថានកុងស៊ុលកិត្តិយសដែលទើបបង្កើតថ្មីនេះ នឹងដើរតួជាស្ពានចម្លងយ៉ាងសំខាន់ក្នុងការ ជំរុញពាណិជ្ជកម្មទ្វេភាគី ការវិនិយោគឆ្លងដែន និងការអភិវឌ្ឍវិស័យទេសចរណ៍ បង្កើនការផ្លាស់ប្តូរទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ផ្តល់សេវាកម្ម និងជំនួយផ្នែកកុងស៊ុលចាំបាច់ ក៏ដូចជាធ្វើជា «ផ្ទះដ៏កក់ក្តៅ» សម្រាប់ប្រជាពលរដ្ឋស្រីលង្កាដែលកំពុងរស់នៅ ឬមកទស្សនាក្នុងព្រះរាជាណាចក្រកម្ពុជា៕
ដោយ ទូច វលក្ខ័ណ





