វគ្គហ្វឹកហ្វឺនបំប៉នបញ្ជាការ ខ.គ ជូននាយទាហាន នាយទាហានរង និងពលទាហាន របស់កងពលតូចអន្តរាគមន៍លេខ១៤ កងទ័ពជើងគោក ឆ្នាំ២០២៦
AKPភ្នំពេញថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦--នៅទីបញ្ជាការ របស់កងពលតូចអន្តរាគមន៍លេខ១៤ ទ័ពជើងគោក បានរៀបចំពិធីបើកវគ្គហ្វឹកហ្វឺន បំប៉នបញ្ជាការ ខ.គ ជូននាយពលទាហាន របស់កងពលតូចអន្តរាគមន៍លេខ១៤ ឆ្នាំ២០២៦ ដែលពិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តម សេនីយ៍ទោ គឹម សេងងន មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ១៤ ខេត្តពោធិ៍សាត់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ។

ថ្លែងក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ គឹម សេងងន មេបញ្ជាការកងពល បានធ្វើការផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្ត ក្នុងការហ្វឹកហ្វឺនរៀនសូត្រ យកចិត្តទុកដាក់ស្ដាប់នូវគ្រូឧទ្ទេសនាមមេរៀន ទាំងនៅក្នុងថ្នាក់ក៏ដូចជានៅលើទីលានហ្វឹកហាត់ ដើម្បីបង្កើនសមត្ថភាពរបស់បុគ្គលម្នាក់ៗអោយសម ស្របទៅតាមសម័យកាល បច្ចេកវិទ្យាទំនើបកម្មកងទ័ពនាពេលបច្ចុប្បន្ន។

ឯកឧត្តម មេបញ្ជាការដាកងពល បានដាក់បញ្ជាឲ្យបងប្អូនយើងយកចិត្តទុកដាក់ គោរពវិន័យ និងបទបញ្ជាឲ្យបានម៉ឺងម៉ាត់ ពង្រឹងការសាមគ្គីភាពផ្ទៃក្នុងរវាងគ្នានឹងគ្នាឲ្យបានរឹងមាំ ទោះបីក្នុងកាលៈទេសៈណាក៍ដោយ ត្រូវចេះរស់នៅជាលក្ខណៈសមូហភាព ចេះជួយទុក្ខធុរៈគ្នា ចេះពន្យល់ណែនាំគ្នា ក្នុងនាមជាមិត្តរួមអាវុធ ដើម្បីពង្រឹងគុណភាពវគ្គសិក្សា ឲ្យទទួលបានលទ្ធផលខ្ពស់ ដើម្បី ការពារបូរណៈភាពទឹកដី និងបានគូសបញ្ជាក់ថា វគ្គហ្វឹកហ្វឺននេះធ្វើឡើងក្នុងគោលបំណង រំលឹកឡើងវិញនូវក្បួនយុទ្ធវិធីយោធា និងរួមបញ្ចូលមេរៀនអប់រំចិត្តសាស្ត្រ ដើម្បីដាស់ស្មារតីយោធិនគ្រប់រូបឱ្យមានឆន្ទៈត្រៀមប្រយុទ្ធខ្ពស់ ខិតខំហ្វឹកហាត់ពង្រឹងសមត្ថភាពឱ្យកាន់តែស្ទាត់ជំនាញ ដើម្បីត្រៀមខ្លួនបំពេញភារកិច្ច និងអនុវត្តរាល់បទបញ្ជារបស់ថ្នាក់លើដែលបានប្រគល់ជូន ក្នុងបុព្វហេតុការពារជាតិ និងមាតុភូមិដ៏ពិសិដ្ឋរបស់យើង៕
ដោយ៖សំ សាម៉ន ,ប្រភព ៖កងទ័ពជើងគោក





