ក្រុមកម្ពុជារកបាន៣ពិន្ទុដំបូងជាមួយ ទីម័រខាងកើត ៣-0 ពាន ASEAN HYUNDAI CUP 2026
AKP ភ្នំពេញ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦--ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានយកឈ្នះក្រុមជម្រើសជាតិទីម័រខាងកើត ៣-០ កាលពីយប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាការរកបាន៣ពិន្ទុដំបូង ក្នុងចំណោម៣ប្រកួត ដែលចាញ់២ប្រកួត និងឈ្នះ១ប្រកួត នៃវគ្គសន្សំពិន្ទុក្នុងពូល A ពានរង្វាន់ជើងឯកអាស៊ាន ASEAN HYUNDAI CUP 2026។

៣គ្រាប់ជ័យជម្នះរបស់ក្រុមម្ចាស់ផ្ទះកម្ពុជា ធ្វើសម្រេចបាន២គ្រាប់ដោយកីឡាករ សុខនេត នៅនាទីទី១៦ នាទី៦៣ និង១គ្រាប់ធ្វើសម្រេច នៅនាទី៩០។ ដោយឡែក កាលពី២ប្រកួតមុនៗ គឺក្រុមកមព្ពុជារងបរាជ័យជាមួយក្រុមសិង្ហបុរី ១-២ និងចាញ់ឥណ្ឌូណេស៊ី ១-៥។ នេះជាការទទួលធ្វើម្ចាស់ផ្ទះរបស់ក្រុមកម្ពុជាជាមួយ ទីម័រខាងកើត សម្រាប់ជំនួបលើកទី៣ ក្នុងដី នៅពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈប្រកួតទី៤ក្រុមកម្ពុជានឹងត្រូវប្រកួតក្រៅដីជាមួយក្រុមវៀតណាម នាថ្ងៃទី០៧ ខែសីហាខាងមុខ ដែលជាប្រកួតចុងក្រោយនៃពូល A។ គួររម្លឹកថា ប្រវត្តិជួបគ្នា ១១លើកកន្លងមកទាំងប្រកួតមិត្តភាពអន្តរជាតិ និងប្រកួតពានអាស៊ាន ចាប់តាំងពីឆ្នាំ២០០៦ ដល់ ២០២៦នេះ រវាងក្រុមកម្ពុជា និងទីម័រខាងកើត គឺកម្ពុជា ឈ្នះ៧លើក និងស្មើ២លើក និងចាញ់២លើក៕

គួរបញ្ជាក់ថា ក្រុមកម្ពុជាបាត់បង់ឱកាសទាំងស្រុងហើយ ក្នុងការឡើងទៅវគ្គបន្ត ក្រោយពីឆ្លងកាត់៣ប្រកួត ឈ្នះ១ និងចាញ់២ប្រកួត ដោយឈរនៅចំណាត់ថ្នាក់លេខ៤ ក្នុងពូល A ដែលមាន៥ក្រុម ខណៈក្រុមវៀតណាម ឈរលេខ១ ក្រុមសិង្ហបុរី ឈរលេខ២ ក្រុមឥណ្ឌូណេស៊ី ឈរលេខ៣ រីឯទីម័រខាងកើត ឈរលេខ៥៕


ដោយ ហេង ណាលីន (រូបភាព៖ FFC)





