អ្នកធ្វើដំណើរពីប្រទេសកម្ពុជា នឹងទទួលបានការបញ្ចុះតម្លៃសំបុត្រថ្នាក់អេកូ រយៈពេលមួយសប្តាហ៍ពីក្រុមហ៊ុន Vietjet
AKP ភ្នំពេញ ថ្ងៃទី៣ ខែសីហា ឆ្នាំ ២០២៦ -- ដើម្បីអបអរសាទរដែលក្រុមហ៊ុនអាកាសចរណ៍ Vietjet ថ្មីៗនេះទើឈ្នះពានរង្វាន់ Best Hybrid Airline ល្អបំផុតលើកដំបូងរបស់ខ្លួននៅក្នុងកម្មវិធី Korea Consumer Awards ឆ្នំា២០២៦ ក្រុមហ៊ុន Vietjet កំពុងផ្តល់ជូនអ្នកធ្វើដំណើរពីប្រទេសកម្ពុជានូវប្រូម៉សិនលក់សំបុត្របញ្ចុះតម្លៃពិសេសរយៈពេលមួយសប្តាហ៍ រួមមានសំបុត្រយន្តហោះថ្នាក់អេកូរាប់រយរាប់ពាន់សំបុត្រ ដែលប្រូម៉ូសិននេះបញ្ចុះតម្លៃសំបុត្ររហូតដល់ ៣០% លើតម្លៃសំបុត្រពិសេស និងការបញ្ចុះតម្លៃ ៥០% លើអាហារដែលបានបញ្ជាទិញទុកជាមុន។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet។

ក្នុងសេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា ចាប់ពីម៉ោង ០០:០០ ថ្ងៃទី១ ខែសីហា ដល់ម៉ោង ២៣:០០ ថ្ងៃទី៨ ខែសីហា ឆ្នាំ ២០២៦ អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជា អាចកក់សំបុត្រយន្តហោះថ្នាក់ Eco ចាប់ពី ០ ដុល្លារអាម៉េរិក (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា) លើផ្លូវហោះហើរទាំងអស់របស់ Vietjet រួមទាំងសេវាកម្មសៀមរាប-ហាណូយ។ អ្នកដំណើរក៏អាចរីករាយជាមួយការបញ្ចុះតម្លៃ ៣០% លើសំបុត្រយន្តហោះ Business និង SkyBoss លើជើងហោះហើរអន្តរជាតិត្រង់ទាំងអស់ដោយប្រើប្រាស់លេខកូដប្រូម៉ូសិន BUSB88 ខណៈពេលដែលការបញ្ចុះតម្លៃ ២០% លើសំបុត្រយន្តហោះថ្នាក់ Deluxe លើជើងហោះហើរ ទីក្រុងហាណូយ-ទីក្រុងអាល់ម៉ាទី-ទីក្រុងប្រាក មានជាមួយលេខកូដប្រូម៉ូសិន DLX88។

ការផ្តល់ជូនទាំងនេះ មានសុពលភាពសម្រាប់ការធ្វើដំណើររវាងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៧ (មិនរាប់បញ្ចូលថ្ងៃឈប់សម្រាកសាធារណៈ និងរយៈពេលធ្វើដំណើរមមាញឹក អាស្រ័យលើលក្ខខណ្ឌទីផ្សារ)។ អ្នកដំណើរអាចកក់សំបុត្របានតាមរយៈ www.vietjetair.com កម្មវិធីទូរស័ព្ទ “Vietjet Air” និងបណ្តាញលក់ដែលមានការអនុញ្ញាត។
ដើម្បីធ្វើឱ្យរាល់ការធ្វើដំណើរកាន់តែរីករាយ អ្នកដំណើរដែលបញ្ជាទិញអាហារទុកជាមុន នឹងទទួលបានការបញ្ចុះតម្លៃ ៥០% ភ្លាមៗ។ ប្រូម៉ូសិននេះ អនុវត្តន៍ចំពោះផ្លូវហោះហើរទាំងអស់ (មិនរាប់បញ្ចូលផ្លូវតភ្ជាប់) សម្រាប់ការធ្វើដំណើររវាងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ និងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៧។

ប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រពិសេសនេះ ធ្វើឡើងបន្ទាប់ពីព្រឹត្តិការណ៍សំខាន់មួយទៀតសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ ដែលត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនអាកាសចរណ៍កូនកាត់ល្អបំផុត (Best Hybrid Airline) ជាលើកដំបូងនៅក្នុងកម្មវិធីពានរង្វាន់ Korea Consumer Awards ឆ្នាំ២០២៦ រួមជាមួយនឹងពានរង្វាន់បទពិសោធន៍អាហារលើយន្តហោះល្អបំផុត និងពានរង្វាន់ឧត្តមភាពសេវាកម្ម។ ពានរង្វាន់ Korea Consumer Awards គឺជាស្ថាប័នមួយទទួលស្គាល់ម៉ាកយីហោដ៏ល្បីដែលអ្នកប្រើប្រាស់នៅក្នុងប្រទេសកូរ៉េខាងត្បូង ជឿទុកចិត្តដោយផ្អែកលើការស្ទង់មតិអ្នកប្រើប្រាស់ទូទាំងប្រទេស និងការវាយតម្លៃដោយគណៈកម្មការអ្នកជំនាញ។ ក្រុមហ៊ុន Vietjet គឺជាក្រុមហ៊ុនអាកាសចរណ៍បរទេសតែមួយគត់ដែលទទួលបានពានរង្វាន់នៅក្នុងព្រឹត្តិការណ៍នេះសម្រាប់ឆ្នាំទីពីរជាប់ៗគ្នា ហើយក៏ត្រូវបានដាក់ឈ្មោះក្នុងចំណោមម៉ាកយីហោដែលអ្នកប្រើប្រាស់ជឿទុកចិត្តបំផុតចំនួន ៣៩ របស់កូរ៉េខាងត្បូង ក្នុងឆ្នាំ២០២៦។
សូមជម្រាបជូនថា នៅចុងឆ្នាំ២០២៦នេះ ក្រុមហ៊ុនអាកាសចរណ៍ Vietjet នឹងដាក់ឱ្យដំណើរការផ្លូវហោះហើរត្រង់ថ្មីដែលភ្ជាប់ទីក្រុងហាណូយជាមួយទីក្រុងប្រាក (សាធារណរដ្ឋឆែក) និងទីក្រុងអាល់ម៉ាទី (កាហ្សាក់ស្ថាន) ក៏ដូចជាទីក្រុងហូជីមិញជាមួយទីក្រុងកូឡុំបូ (ស្រីលង្កា)៕
ដោយ៖ រិទ្ធី





