អភិបាលខេត្តបន្ទាយមានជ័យបញ្ជាដាច់ខាតឱ្យកងកម្លាំងនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់បង្កើនកិច្ចសហការ និងដាក់ចេញវិធានការក្តៅលើបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)
AKP បន្ទាយមានជ័យ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦--ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់ និងបង្កើនកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការអនុវត្តន៍វិធានការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យឱ្យបានកាន់តែមានប្រសិទ្ធភាពខ្ពស់។
ការដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់នេះ បានធ្វើឡើងនាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំពិភាក្សា និងបន្តការងារអនុវត្តវិធានការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានរៀបចំឡើងតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Video Conference) នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត លោកស្នងការ និងស្នងរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ព្រមទាំងលោកអភិបាល ក្រុង-ស្រុកទាំង៩។

ថ្លែងនៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម អ៊ុំ រាត្រី បានគូសបញ្ជាក់ថា បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) គឺជាបទល្មើសអន្តរជាតិដ៏ស្មុគស្មាញ ដែលមិនត្រឹមតែបំផ្លាញសេដ្ឋកិច្ចរបស់ជនរងគ្រោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងកិត្តិយសរបស់សង្គមជាតិទាំងមូលផងដែរ។ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងយ៉ាងដូច្នេះថា«យើងមិនត្រូវ អត់ឱន ជាដាច់ខាតចំពោះគ្រប់ទម្រង់នៃបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។ មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការយកចិត្តទុកដាក់ខ្ពស់ តាមដាន និងក្តាប់ឱ្យបានជាប់ជាប្រចាំនូវរាល់សភាពការណ៍ និងទីតាំងសង្ស័យទាំងឡាយណាដែលលួចលាក់ប្រកបសកម្មភាពខុសច្បាប់នេះនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន»។

ជាមួយគ្នានោះ ឯកឧត្តម អ៊ុំ រាត្រី បានជំរុញឱ្យសមត្ថកិច្ចជំនាញ និងរដ្ឋបាលក្រុង-ស្រុកទាំងអស់ ត្រូវបន្តពង្រឹងការគ្រប់គ្រងរដ្ឋបាលមូលដ្ឋានឱ្យបានតឹងរ៉ឹង ជាពិសេសការពិនិត្យលើការស្នាក់នៅរបស់ជនបរទេស ការជួលទីតាំង និងការធ្វើពាណិជ្ជកម្មនានា ដើម្បីទប់ស្កាត់ និងកាត់ផ្តាច់ជាបន្ទាន់នូវរាល់ឧបាយកលរបស់ក្រុមឧក្រិដ្ឋជន។ទន្ទឹម គ្នានេះ ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ដែលកន្លងមកបានសហការគ្នាយ៉ាងល្អប្រសើរក្នុងការស្រាវជ្រាវ និងបង្ក្រាបករណីធំៗជាច្រើនកន្លងមក។

បន្ថែមពីនេះឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះល្បិចកលបោកប្រាស់តាមប្រព័ន្ធអនឡាញគ្រប់រូបភាព និងសូមចូលរួមផ្តល់ព័ត៌មានសម្ងាត់មកកាន់អាជ្ញាធរមានសមត្ថកិច្ចភ្លាមៗ ប្រសិនបើមានការសង្ស័យ ដើម្បីឈានទៅរកការអន្តរាគមន៍ និងបង្ក្រាបបានទាន់ពេលវេលា រួមចំណែកថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈក្នុងខេត្តបន្ទាយមានជ័យឱ្យកាន់តែល្អប្រសើរឡើងថែមទៀត៕
ដោយ ឈុន សារ៉ាត





