សម្តេច ម៉ែន សំអន ស្នើឱ្យគណៈកម្មាធិការបក្សប្រជាជនខេត្តស្វាយរៀង ត្រូវពង្រឹងផែនការសកម្មភាពឆ្ពោះទៅកាន់ ការងារបោះឆ្នោតឱ្យទទួលបានលទ្ធផលជោគជ័យ
AKP ភ្នំពេញ ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ -- សម្តេច ម៉ែន សំអន បានស្នើឱ្យគណៈកម្មាធិការបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង ត្រូវពង្រឹងផែនការសកម្មភាពឆ្ពោះទៅកាន់ការងារបោះឆ្នោតឱ្យទទួលបានលទ្ធផលជោគជ័យ។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តស្វាយរៀង បានស្នើបែបនេះក្នុងកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតរបស់គណៈកម្មាធិការបក្សខេត្តស្វាយរៀង ដើម្បីត្រួតពិនិត្យណែនាំនិងពង្រឹងផែនការសកម្មភាពឆ្ពោះទៅកាន់ការងារបោះឆ្នោតឱ្យទទួលបានលទ្ធផលជោគជ័យ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦។

ឯកឧត្តម ម៉ែន វិបុល ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង បានបញ្ជាក់ថា លទ្ធផលនៃការអនុវត្តផែនការសកម្មភាពរបស់គណៈបញ្ជាការយុទ្ធនាការបោះ ឆ្នោតថ្នាក់ខេត្ត ព្រមទាំងការត្រៀមលក្ខណៈសម្បត្តិ ដើម្បីធានាឱ្យដំណើរការយុទ្ធនាការឃោសនាបោះឆ្នោតប្រព្រឹត្តទៅដោយរលូន មានរបៀបរៀបរយ សន្តិសុខ និងសុវត្ថិភាពខ្ពស់។
សម្ដេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា ដើម្បីឱ្យការងារកាន់តែមានប្រសិទ្ធិភាពខ្ញុំសូម ផ្តល់អនុសាសន៍ និងការណែនាំ ដល់សមាជិក សមាជិកា ទាំងអស់ ពិសេស គណៈបញ្ជាការយុទ្ធនាការបោះឆ្នោត ដូចជា៖ ១. ត្រូវបន្តថែរក្សាស្មារតីសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ ចាប់តាំងពីថ្នាក់ខេត្ត រហូតដល់ថ្នាក់មូលដ្ឋាន ភូមិ ឃុំ/សង្កាត់។ ២. ក្រុមការងារគ្រប់លំដាប់ថ្នាក់ត្រូវបន្តចុះមូលដ្ឋានឱ្យបានជាប់ជាប្រចាំ ដើម្បីក្តាប់បាននូវសុខទុក្ខ និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងដោះស្រាយបញ្ហានានាជូនពួកគាត់ឱ្យបានទាន់ពេលវេលា។ ៣. ត្រូវខិតខំផ្សព្វផ្សាយ និងពន្យល់ណែនាំអំពីសមិទ្ធផលធំៗរបស់រាជរដ្ឋាភិ បាល និងកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ឱ្យបានជ្រួតជ្រាបដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ ៤. ត្រូវប្រកាន់ខ្ជាប់នូវច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ប្រកបដោយសេចក្តីថ្លៃថ្នូរ និងរក្សាបាននូវបរិយាកាសស្ងប់ស្ងាត់ សន្តិសុខ និងសុវត្ថិភាពល្អប្រសើរ៕


ដោយ សួស សំរិត





