ក្រសួងបរិស្ថានស្នើសុំឱ្យរដ្ឋបាលរាជធានី-ខេត្ត អនុវត្តវិធានការច្បាប់លើការនាំចូលសំណល់អាគុយ និងសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិក
AKP ភ្នំពេញ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ — សំដៅទប់ស្កាត់ការនាំចូលសំណល់អាគុយ និងសំណល់បរិក្ខាអគ្គិសនី និងអេឡិកត្រូនិកពីក្រៅប្រទេសចូលមកកម្ពុជា ដែលជាការបំពុលបរិស្ថាន និងសុខភាពសាធារណៈនោះក្រសួងបរិស្ថានបានស្នើសុំឱ្យរដ្ឋបាលរាជធានី-ខេត្ត អនុវត្តវិធានការច្បាប់លើការនាំចូលសំណល់អាគុយ និងសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិក។

នៅក្នុងសេចក្តីស្នើសុំដែលចេញផ្សព្វផ្សាយនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ នេះ ក្រសួងបរិស្ថានបានបញ្ជាក់ថា យោងតាមលិខិតក្រសួងបរិស្ថាន ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានបញ្ជាក់ថា ការនាំចូលសំណល់អាគុយ និងសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិកពីក្រៅប្រទេសចូលមកប្រទេសកម្ពុជាត្រូវបានហាមឃាត់ អនុលោមតាមក្រមបរិស្ថាននិងធានធនធម្មជាតិ និងអនុក្រឹត្យស្តីពីការគ្រប់គ្រងសំណល់រឹង។

ប្រភពខាងលើនេះបានបញ្ជាក់បន្ថែមថា កន្លងមក ក្រសួងបរិស្ថានបានសង្កេតឃើញថា ទីតាំងស្តុក ចែកចាយ និងលក់បរិក្ខាអគ្គិសនី និងអេឡិចត្រូនិកប្រើប្រាស់រួច បាននាំចូលសម្ភារៈប្រើប្រាស់រួចមានលាយឡំជាមួយសំណល់ដូចជា ម៉ាស៊ីនត្រជាក់ ទូរទឹកក ទូរបង្កក ម៉ាស៊ីនបោកគក់ខោអាវ ម៉ាស៊ីនសម្ងួតខោអាវ ទូរទស្សន៍ កុំព្យុទ័រលើតុ កុំព្យុទ័រយួរដៃ ទូរស័ព្ទ ថេបប្លែត ត្រូវបានចាត់ទុកថាជាសំណល់គ្រោះថ្នាក់ ដោយសារមានផ្ទុកសារធាតុគ្រោះថ្នាក់ ដូចជាបារត កាត់ម៉្ញូម នីកែល ក្រូម អាសេនិក និងសំណ ដែលអាចប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី នៅពេលសាយភាយចូលទៅក្នុងបរិស្ថានតាមរយៈការទុកដាក់ ការដោះបំបែក និងកែច្នៃមិនបានត្រឹមត្រូវតាមបច្ចេកទេសសុវត្ថិភាពបរិស្ថាន។
ជាមួយគ្នានេះ ក្រសួងបរិស្ថានបានបញ្ជាក់ដោយបានស្នើឱ្យរដ្ឋបាលរាជធានីខេត្ត ត្រូវចាត់វិធានការឱ្យមានប្រសិទ្ធភាពខ្ពស់ជាមួយការនាំចូលសំណល់ដែលបង្កការប៉ះពាល់ដល់សុខភាពសាធារណៈ និងបរិស្ថានទាំងនេះ៕


ដោយ៖ មករា





