ប៊ុលហ្គារីទទួលបានការវិនិយោគផ្ទាល់ពីបរទេសសរុបចំនួន ២,២៨ពាន់លានអឺរ៉ូនៅរវាងខែមករា-ឧសភា ឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ -- នៅចន្លោះរវាងខែមករា និងខែឧសភា ឆ្នាំ២០២៦ ការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅក្នុងប្រទេសប៊ុលហ្គារីមានចំនួន ២,២៨ពាន់លានអឺរ៉ូ។ នេះបើយោងតាមទិន្នន័យបឋមដែលចេញផ្សាយដោយធនាគារជាតិប៊ុលហ្គារី (BNB) កាលពីពេលថ្មីៗនេះ។លំហូរចូលសុទ្ធនៃការវិនិយោគផ្ទាល់ពីបរទេស គឺខ្ពស់ជាង ១,៧៤ពាន់លានអឺរ៉ូ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលវាមានចំនួន៥៣៥,៣លានអឺរ៉ូ ដែលទាបជាងតួលេខបច្ចុប្បន្នជាងបួនដង។
ការវិនិយោគផ្ទាល់ពីបរទេសនៅក្នុងខែមករាដល់ខែឧសភា ឆ្នាំ២០២៦គឺស្មើនឹង ១,៨% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេស បើប្រៀបធៀបទៅនឹង ០,៥% នៃ GDP ក្នុងរយៈពេលដូចគ្នានៃឆ្នាំមុន។
គ្រាន់តែនៅក្នុងខែឧសភា ឆ្នាំ២០២៦ តែមួយ លំហូរចូលសុទ្ធនៃការវិនិយោគផ្ទាល់ពីបរទេសចូលទៅក្នុងប្រទេសប៊ុលហ្គារីបានឈានដល់២៥៤លានអឺរ៉ូ បើប្រៀបធៀបទៅនឹង ២៥៨,៩លានអឺរ៉ូនៅក្នុងខែឧសភាឆ្នាំ២០២៥។
យោងតាមទិន្នន័យបឋម លំហូរចូលសុទ្ធនៃការវិនិយោគផ្ទាល់ពីបរទេសរបស់ប៊ុលហ្គារីក្នុងរយៈពេលខែមករាដល់ខែឧសភា ឆ្នាំ២០២៦ គឺវិជ្ជមាន ដែលមានចំនួន ៣,២លានអឺរ៉ូ (០,០០៣% នៃផលិតផលក្នុងស្រុកសរុប) បើប្រៀបធៀបទៅនឹងសមតុល្យវិជ្ជមានចំនួន ៥៤,១លានអឺរ៉ូ (០,០៥% នៃផលិតផលក្នុងស្រុកសរុប) ក្នុងរយៈពេលដូចគ្នានៃឆ្នាំមុន។ នៅក្នុងខែឧសភា ឆ្នាំ២០២៦ លំហូរចូលសុទ្ធក៏នៅតែវិជ្ជមាននៅតម្លៃ ៦លានអឺរ៉ូ បើប្រៀបធៀបទៅនឹង ៨,៤លានអឺរ៉ូនៅក្នុងខែឧសភា ឆ្នាំ២០២៥៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ BTA)





