មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបង្កើនយុទ្ធនាការបាញ់ថ្នាំកម្ចាត់មូស ខណៈប្រធានមន្ទីររំលេចថា «ការចូលរួមរបស់ពលរដ្ឋជាវិធានការស្នូល» ទប់ស្កាត់គ្រុនឈាម និងគ្រុនឈីក
AKP បន្ទាយមានជ័យ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦--ដើម្បីឆ្លើយតប និងទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនឈាម និងជំងឺគ្រុនឈីក នៅក្នុងភូមិសាស្ត្រប្រឈមនានា មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ តាមរយៈកម្មវិធីគ្រុនចាញ់ គ្រុនឈាម និងដង្កូវព្រូន បានចាប់ដៃសហការយ៉ាងសកម្មជាមួយការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ មណ្ឌលសុខភាព អាជ្ញាធរឃុំ-ភូមិ និងកម្លាំងប្រជាការពារភូមិ ដើម្បីបន្តយុទ្ធនាការចុះបាញ់ថ្នាំកម្ចាត់មូសខ្លាដោយផ្ទាល់នៅតាមមូលដ្ឋាន។

ទោះបីជាយុទ្ធនាការបាញ់ថ្នាំកម្ចាត់មូសកំពុងអនុវត្តយ៉ាងសស្រាក់សស្រាំក៏ដោយ លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានគូសបញ្ជាក់យ៉ាងច្បាស់កាលពីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ថា ការបាញ់ថ្នាំសម្លាប់មូសគ្រាន់តែជា «វិធានការឆ្លើយតបបន្ថែម» ប៉ុណ្ណោះ ប៉ុន្តែ គន្លឹះសំខាន់ និងជាវិធានការស្នូលពិតប្រាកដ គឺអាស្រ័យលើការចូលរួមយ៉ាងសកម្មពីសំណាក់បងប្អូនប្រជាពលរដ្ឋគ្រប់រូបក្នុងសហគមន៍។

លោកវេជ្ជបណ្ឌិតបានធ្វើការអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងរួមគ្នាសម្អាតបរិស្ថានជុំវិញផ្ទះ ដោយត្រូវលុបបំបាត់ចោលជាប្រចាំនូវរាល់វត្ថុដក់ទឹកទាំងឡាយណាដែលជាជម្រកកកើតដង្កូវទឹក ដូចជាសំបកកង់ឡាន និងកង់ម៉ូតូចានស្នោ និងអំបែងចាន/ដបកំប៉ុង និងប្រភពដក់ទឹកផ្សេងៗទៀត។
«ការកាត់ផ្តាច់ប្រភពបង្កើតដង្កូវទឹក គឺជាការកាត់ផ្តាច់វដ្តជីវិតរបស់មូសខ្លាញី ស្របតាមពាក្យស្លោក ‘គ្មានដង្កូវទឹក ទើបគ្មានមូសខ្លា និងគ្មានជំងឺគ្រុនឈាមរាតត្បាតក្នុងសហគមន៍»។ នេះជាប្រសាសន៍បញ្ជាក់របស់លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត។

ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីទទួលខុសត្រូវរបស់មន្ត្រីសុខាភិបាល អាជ្ញាធរមូលដ្ឋាន កម្លាំងប្រជាការពារភូមិ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានសហការគ្នាយ៉ាងសកម្មក្នុងយុទ្ធនាការនេះ ដើម្បីរួមការពារសុខភាពគ្រួសារ និងសុខុមាលភាពរបស់សហគមន៍ទាំងមូលឱ្យផុតពីការគំរាមកំហែងនៃជំងឺឆ្លងដែលបង្កឡើងដោយមូសខ្លា៕

ដោយ ឈុន សារ៉ាត





