ឯកឧត្តម អ៊ុក ឃ្នួច ដឹកនាំកិច្ចប្រជុំស្ដីពីផលប៉ះពាល់ដំណាំស្រូវ ដោយគ្រោះរាំងស្ងួតក្នុងខេត្តបាត់ដំបង
AKP បាត់ដំបង ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦--ឯកឧត្តម អ៊ុក ឃ្នួច អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីផលប៉ះពាល់ដំណាំស្រូវ ដោយគ្រោះរាំងស្ងួតក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ដែលកិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។

ឯកឧត្តម សុខ លូ ថ្លែងឱ្យដឹងថា ការងារបង្កបង្កើនផលដំណាំស្រូវក្នុងខេត្តបាត់ដំបងសម្រេចបានជាង ៣១ម៉ឺនហិកតា នៃផែនការសរុប ៤៥៦ ០០០ហិកតា។ផ្ទៃដីរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតសរុបប្រមាណជាង ១៣ម៉ឺនហិកតា ជួយសង្រ្គោះបានជាង ៧ម៉ឺនហិកតាហើយរហូតមកដល់ពេលនេះ និងកំពុងសង្រ្គោះបន្ថែមទៀត។ អាជ្ញាធរស្រុកនិងមន្ទីរជំនាញត្រូវចុះវាយតម្លៃដំណាំស្រូវដែលរងការខូចខាតដោយសារគ្រោះរាំងស្ងួតឱ្យបានច្បាស់លាស់ដើម្បីត្រៀមផ្ដល់ពូជបង្កបង្កើនផលស្ដារឡើងវិញឱ្យសមស្របតាមស្ថានភាពជាក់ស្ដែង។ឯកឧត្តម សង្កត់ធ្ងន់ថា ក្រោមការណែនាំជាប្រចាំពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រដ្ឋបាលខេត្តបាត់ដំបង បានដឹកនាំមន្ទីរជំនាញ និងរដ្ឋបាលក្រុង ស្រុក ចាត់វិធានការអន្តរាគមន៍បន្ទាន់តាមដានការវិវត្តន៍នៃស្ថានភាពអាកាសធាតុ និងកម្រិតទឹក,បញ្ជាម៉ាស៊ីនបូមទឹក មធ្យោបាយ និងកម្លាំងអន្តរាគមន៍ដើម្បីជួយសង្រ្គោះដំណាំស្រូវនៅតំបន់ខ្វះទឹក,គ្រប់គ្រង និងចែកចាយទឹកពីអាង ទំនប់ ប្រឡាយ និងប្រភពទឹកដែលមានស្រាប់ឱ្យកាន់តែមានប្រសិទ្ធភាព,សហការជាមួយមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋានក្នុងការផ្សព្វផ្សាយដល់ប្រជាកសិករអំពីវិធីប្រើប្រាស់ទឹកឱ្យមានប្រសិទ្ធភាព និងការអនុវត្តបច្ចេកទេសកសិកម្មសមស្របតាមស្ថានភាពអាកាសធាតុ និងបន្តធ្វើបច្ចុប្បន្នភាព ផ្ទៀងផ្ទាត់ទិន្នន័យផលប៉ះពាល់ដើម្បីធានាភាពត្រឹមត្រូវនិងតម្លាភាពសម្រាប់រៀបចំផែនការអន្តរាគមន៍នាពេលបន្ទាប់។

ឯកឧត្តម អ៊ុក ឃ្នួច បានណែនាំដល់រដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ សហការគ្នាប្រមូលទិន្នន័យពីផលប៉ះពាល់ និងការខូចខាតឱ្យបានច្បាស់លាស់ ពិសេសដំណាំស្រូវនៅតំបន់ផ្សេងទៀតដែលអាចអន្តរាគមន៍ទឹកដោះស្រាយបាន គឺត្រូវចាត់ចែង និងកំណត់ពីវិធានការសង្គ្រោះស្រូវជូនប្រជាកសិករ។ ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ រដ្ឋបាលខេត្ត មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ដែលបានយកចិត្តទុកដាក់សម្របសម្រួលក្នុងការចែកចាយទឹកជូនប្រជាកសិករដើម្បីសង្រ្គោះស្រូវជាបន្តបន្ទាប់ ៕

ដោយ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តបាត់ដំបង)





