បុណ្យអាសាឡ្ហបូជា បានបង្ហាញពីអត្ថន័យនៃនក្ខត្តសម័យនីមួយៗ ធ្វើឱ្យពុទ្ធបរិស័ទឈ្វេងយល់បានកាន់តែច្បាស់
AKP សៀមរាប ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦--ភាពអស្ចារ្យក្នុងថ្ងៃ១៥កើត ខែអាសាឍ មុនសម័យពុទ្ធកាល និងក្នុងអំឡុងពុទ្ធកាល ព្រះសង្ឃ អាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទ វត្តដំណាក់ ក្រុងសៀមរាប បានរៀបចំកម្មវិធីបុណ្យ អាសាឡ្ហបូជា ដើម្បីរំលឹកដល់នក្ខត្តសម័យទាំង៥គឺ ថ្ងៃដែលសន្តុស្សិតទេវបុត្តចុះចាប់ បដិសន្ធិក្នុងផ្ទៃនៃព្រះមាតាគឺព្រះនរាងសិរិមហាមាយាទេវី ថ្ងៃព្រះសិទ្ធត្ថកុមារទ្រង់យាងចេញ សាងបព្វជា(បួស) ថ្ងៃទ្រង់ប្រកាសសំដែងធម៌ទេសនាដំបូងរបស់ព្រះសម្មាសម្ពុទ្ធ ក្រោយការត្រាស់ដឹងបាន២ខែ ១ថ្ងៃ ព្រះសង្ឃជាសង្ឃរតនៈបានប្រាកដឡើងក្នុងលោកយើងនេះ និងេជាថ្ងៃសំដែងយកប្បាដិហារ្យផ្ចាញ់ពួកតិរ្ថិយ។

នក្ខត្តសម័យទាំងនេះ សុទ្ធតែមានលក្ខណៈវិសេសអស្ចារ្យណាស់ពុទ្ធបរិស័ទ ដែលនឹករលឹក និងធ្វើការគោរពបូជា ដើម្បីបានបុណ្យកុសលជាទ្រព្យជាប់តាមប្រាណ និងជាការដុសខាត់សម្អាត នូវសន្តានចិត្តឱ្យស្អាតផូរផង់ល្អ ដើម្បីរស់នៅប្រកបដោយសុខចម្រើនសិរីសួស្តី។ កម្មវិធីបុណ្យនេះបានប្រព្រឹត្តដោយមានការចម្រើនព្រះបរិត្ត ការរាប់បាត្រព្រះសង្ឃចំនួន១៧០អង្គ ការដង្ហែក្បួនព្យុហយាត្រាអាសាឡ្ហបូជាតាមដងវិថីនានាក្នុងក្រុងសៀមរាប ការប្រកាស អាសាឡ្ហបូជា ពុទ្ធាភិសេក ការបូជាប្រផ្កា ការស្តាប់ធម៌ទេសនាពីមូលហេតុបុណ្យ ការបូជាប្រទីប២៥៧០ដួង និងកិច្ចជាកុសលផ្សេងៗទៀតជាច្រើន ដែលជាការធ្វើឡើង ដើម្បីបូជាគុណរបស់សម្មាសម្បុទ្ធផង និងជាការបំពេញបារមីសម្រាប់ខ្លួនឯងផង។


ព្រះគ្រូធម្មវិសុទ្ធិរង្សី ឡាច ចន្ថា ព្រះគ្រូចៅអធិការវត្តដំណាក់ បានមានព្រះថេរដីកាថា ពិធីបុណ្យនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ពុទ្ធបរិស័ទ ដែលជាអ្នកមានសទ្ធា ត្រូវសិក្សាឱ្យបានយល់ដឹងពីអត្ថន័យនៃនក្ខត្តសម័យនីមួយៗពីនក្ខត្តសម័យទាំងនោះ គឺជាគ្រឿង ដាស់ស្មារតីរបស់យើងឱ្យភ្ញាក់រលឹក ក្នុងការបំពេញបុណ្យកុសលជាសេចក្តីល្អសម្រាប់ជីវិត និងដើម្បីបានជាបច្ច័យនៃនិព្វាន រួចផុតចាកទុក្ខទាំងឡាយទាំងពួង៕


ដោយ ឃុត សៅ





