ប្រតិបត្តិករទេសចរណ៍ និងអ្នកវិនិយោគចិនទស្សនកិច្ចសិក្សាឈ្វេងយល់ពីសក្តានុពលទេសចរណ៍ខេត្តព្រះសីហនុ
AKP ព្រះសីហនុ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦-- ប្រតិបត្តិករទេសចរ និងអ្នកវិនិយោគមកពីប្រទេសចិន និងកម្ពុជា ចំនួន៥២នាក់ ចុះបំពេញទស្សនកិច្ចសិក្សាឈ្វេងយល់ពីសក្តានុពលទេសចរណ៍ និងវប្បធម៌នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការសម្របសម្រួលពីលោក ស្រី ណៃ សាលី នាយករងរដ្ឋបាលខេត្តព្រះសីហនុ។

ប្រតិភូអន្តរជាតិដែលបានចូលរួមនាឱកាសនោះ រួមមានតំណាងមកពីតំបន់ និងទីក្រុងសំខាន់ៗនៃសាធារណរដ្ឋប្រជាមានិតចិន ដូចជា៖ ខេត្តគ័ងតុង (Guangdong) ទីក្រុងឆឹងទូ (Chengdu) ទីក្រុងសៀងហៃ (Shanghai) និងខេត្តហៃណាន (Hainan)។ 
ការចុះឈ្វេងយល់ពីសក្តានុពលទេសចរណ៍ និងវប្បធម៌នេះ គឺដើម្បីផ្សព្វផ្សាយសក្តានុពល ភាពទាក់ទាញនៃតំបន់ទេសចរណ៍ធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្ររបស់ខេត្តព្រះសីហនុ ទៅកាន់ទីផ្សារទេសចរណ៍ចិន ដើម្បីទាក់ទាញការវិនិយោគ បង្កើនទំនុកចិត្ត និងទាក់ទាញអ្នកវិនិ យោគិនចិនធ្វើការបណ្តាក់ ទុនលើវិស័យទេសចរណ៍ និងសេវាកម្មនានាក្នុងខេត្តព្រះសីហនុ។ ម្យ៉ាងទៀតការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រឹតចំណងមិត្តភាពលើវិស័យទេសចរណ៍រវាងខេត្តព្រះសីហនុ និងបណ្តាខេត្ត-ក្រុងនៃសាធារណរដ្ឋប្រជាមានិតចិន។ 
ចំពោះទីតាំងសំខាន់ៗដែលប្រតិភូអញ្ជើញចុះទស្សនកិច្ច ដូចជា៖ ១. វត្តឥន្ទញ្ញាណហៅវត្តក្រោម ឈ្វេងយល់ពីសាសនា វប្បធម៌ និងស្ថាបត្យកម្មខ្មែរ ព្រមទាំងសិល្បៈចាក់ពុម្ព និងគំនូររៀបរាប់ពីប្រវត្តិព្រះពុទ្ធសាសនា។ ២. តំបន់ឆ្នេរស្អាតដោយរៀបចំអនាម័យ បរិស្ថាន ដែលជាភាពស្រស់ស្អាត នៃឆ្នេរសមុទ្រកម្ពុជា ដែលមានខ្យល់ អាកាសបរិសុទ្ធ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធឆ្នេរ និងវិធាន ការថែរក្សាអនាម័យបរិស្ថាន ដើម្បីត្រៀមលក្ខណៈទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ៣. រូបសំណាកព្រះថោង នាងនាគ ដែលជាប្រវត្តិការកកើត ដើម្បីឱ្យប្រតិភូបានស្គាល់ពីនិមិត្តរូបនៃវប្បធម៌ និងប្រវត្តិសាស្ត្រដូនតាខ្មែរ តាមរយៈរូបសំណាកដ៏ស្កឹមស្កៃនៅលើដងផ្លូវមាត់សមុទ្រ ដែលជាចំណុចទាក់ទាញសម្រាប់ការថតរូបដ៏ពេញនិយម។ ៤. កោះរាជបុត្រជាសក្តានុពលទេសចរណ៍បែបធម្មជាតិសមុទ្រ ការអភិវឌ្ឍន៍តំបន់កោះ និងឱកាសវិនិ យោគលើសេវាកម្មកម្សាន្តតាមសមុទ្រផងដែរ។ 
ទស្សនកិច្ចនេះត្រូវបានរំពឹងថានឹងជួយជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសវិស័យទេសចរណ៍ខេត្តព្រះសីហនុ ពិតជាមានភាព ទាក់ទាញ សន្តិសុខ សុវត្ថិភាពទៅកាន់ប្រជាជន និងអ្នកវិនិយោគិនចិននៅក្នុងទីក្រុងគោលដៅទាំង៤ ឱ្យកាន់តែស្គាល់ច្បាស់ និងជ្រើសរើសយកខេត្តព្រះសីហនុ ជាគោលដៅទេសចរណ៍ និងវិនិយោគនាពេលអនាគត៕ 
ដោយ ងូ សុមុនី





