ធុរជនចិនសម្រេចចិត្តបោះទុនវិនិយោគបង្កើតរោងចក្រផលិតឧស្ម័នទាញចេញពីខ្យល់ធម្មជាតិមុនគេបង្អស់នៅខេត្តកំពង់ស្ពឺ
AKP កំពង់ស្ពឺ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦-- ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ចេន ចុងហួយ (Chen Zhonghui) ប្រធានក្រុមហ៊ុន JINDING AIR LIQUEFACTION (CAMBODIA) CO., LTD. នៅសាលាខេត្តកំពង់ស្ពឺ។

លោក ចេន ចុងហួយ បានជម្រាបជូនឯកឧត្តមអភិបាលខេត្តថា ក្រុមហ៊ុនបានសម្រេចបង្កើតរោងចក្រផលិតឧស្ម័នដែលទាញចេញពីខ្យល់ធម្មជាតិមុនគេបង្អស់នៅក្នុងខេត្តកំពង់ស្ពឺ ដោយដាក់ទុនវិនិយោគលើការផលិតឧស្ម័នអាសូត (Nitrogen) កាបូនឌីអុកស៊ីត និងអុកស៊ីសែន ដើម្បីបម្រើឱ្យវិស័យចម្បងចំនួន៣ រួមមាន៖ វិស័យឧស្សាហកម្ម កសិកម្ម និងសុខាភិបាល។ រោងចក្រដ៏ធំមួយនេះគ្រោងនឹងរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះហើយ។

ប្រធានក្រុមហ៊ុនរូបនេះបានសង្កត់ធ្ងន់ថា កន្លងមកកម្ពុជាតែងតែនាំចូលឧស្ម័នទាំងនេះពីប្រទេសជិតខាង ប៉ុន្តែបន្ទាប់ពីរោងចក្រនេះដំណើរការ ការនាំចូលនឹងត្រូវកាត់បន្ថយ ឬលុបបំបាត់ទាំងស្រុង ដោយសារក្រុមហ៊ុនមានសមត្ថភាពផលិតក្នុងទ្រង់ទ្រាយធំ ធានាបាននូវការប្រើប្រាស់ទូទាំងប្រទេស និងមានផែនការនាំចេញទៅកាន់ទីផ្សារអន្តរជាតិនៅឆ្នាំបន្តបន្ទាប់ទៀតផង។ ចំពោះមូលហេតុដែលក្រុមហ៊ុនជ្រើសរើសយកខេត្តកំពង់ស្ពឺ ជាទីតាំងយុទ្ធសាស្ត្រ គឺដោយសារខេត្តមានសក្តានុពលសំបូរបែប ភូមិសាស្ត្រអំណោយផលដល់ការដឹកជញ្ជូន មានកម្លាំងពលកម្មគ្រប់គ្រាន់ និងជាពិសេសគឺរដ្ឋបាលខេត្តមានគោលនយោបាយដឹកនាំល្អប្រសើរ ផ្តល់ភាពកក់ក្តៅ និងសុខសុវត្ថិភាពខ្ពស់ដល់វិនិយោគិន។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានសម្តែងនូវការអបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ក្រុមហ៊ុន ដែលបានជឿជាក់លើការដឹកនាំរបស់រដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

ឯកឧត្តមអភិបាលខេត្តបានគូសបញ្ជាក់បន្ថែមថា ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តមត្រៀមខ្លួនជានិច្ចក្នុងការគាំទ្រ លើកទឹកចិត្ត និងជួយសម្របសម្រួលរាល់នីតិវិធីនានា ជូនដល់ធុរជន និងអ្នកវិនិយោគទាំងអស់ ធ្វើយ៉ាងណាឱ្យដំណើរការអាជីវកម្ម និងការវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺ ប្រព្រឹត្តទៅដោយរលូន ជោគជ័យ និងមានការរីកចម្រើនប្រកបដោយនិរន្តរភាព៕
ដោយ៖ ម៉ែន ប៊ុនធីម





