ឯកឧត្ដម ឃួង ស្រេង៖ កម្ពុជា-សិង្ហបុរីនឹងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរមួយកម្រិតថែមទៀត
AKP ភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦-- ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កម្ពុជា-សិង្ហបុរី នឹងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរមួយកម្រិតថែមទៀត ទាំងវិស័យអប់រំ ការអភិវឌ្ឍសេដ្ឋកិច្ច សុខាភិបាល និងវិស័យទេសចរណ៍ជាដើម។
ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់បែបនេះ ខណៈឯកឧត្ដមទទួលជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម ស្ទីវិន ផាំង ឈីវី (H.E. Mr. Steven Pang Chee Wee) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណ រដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ស្ថិតក្នុងចំណោមប្រទេសទី១ ដែលទទួលស្គាល់ឯករាជ្យភាពរបស់សិង្ហបុរី បន្ទាប់ពីសិង្ហបុរីបានបំបែកខ្លួនចេញពីសហព័ន្ធម៉ាឡេស៊ីនៅ ឆ្នាំ១៩៦៥ហើយសាធារណរដ្ឋសិង្ហបុរី និងព្រះរាជាណាចក្រកម្ពុជាបានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នានៅថ្ងៃទី១០ ខែសីហា ឆ្នាំ១៩៦៥ តែត្រូវបានកាត់ផ្តាច់ទៅវិញនៅឆ្នាំ១៩៧៥ និងបានភ្ជាប់ទំនាក់ទំនងការទូតឡើងវិញនៅថ្ងៃទី១៨ ខែមករា ឆ្នាំ១៩៩២។

ឯកឧត្តមបានបញ្ជាក់ថា រឿងONLINE SCAMS ជាបញ្ហាស្មុគស្មាញមិនមែនសម្រាប់តែកម្ពុជាទេ តែវាជាបញ្ហារបស់សកលលោកទាំងមូល។ ប៉ុន្តែក្រោមការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី គឺកម្ពុជាត្រូវធ្វើដំណើរទៅរកសេដ្ឋកិច្ចពណ៌ស ដូច្នេះ ហើយរាជធានីភ្នំពេញបានធ្វើកិច្ចការងារនេះយ៉ាងសកម្មភាពធ្វើយ៉ាងណាបង្រ្កាបបទល្មើស ONLINE SCAMS ឱ្យអស់ពីភូមិសាស្រ្តរាជធានីភ្នំពេញ។
ទាក់ទងបញ្ហា ONLINE SCAMS នេះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានជម្រាបជូនថា សិង្ហបុរីបាន និងកំពុងសហការយ៉ាងសកម្មជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន ប្រទេសជប៉ុន កូរ៉េ និងអាហ្រ្វិកខាងត្បូង លើការងារបង្រ្កាបបទល្មើស ONLINE SCAMS នេះដែរ។ សម្រាប់ប្រទេសកម្ពុជា សិង្ហបុរីបានជួយបណ្តុះបណ្តាលមន្រ្តីនគរបាលជំនាញជាច្រើននាក់លើការងារប្រតិបត្តិការនេះ ហើយ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តចូលរួមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលរាជធានីភ្នំពេញយ៉ាងពេញទំហឹងលើកិច្ចការនេះផងដែរ។

ឯកឧត្តម ស្ទីវិន ផាំង ឈីវី បានបញ្ជាក់ថា យើងនឹងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកាន់តែល្អ ប្រសើរមួយកម្រិតថែមទៀត ទាំងវិស័យអប់រំ ការអភិវឌ្ឍសេដ្ឋកិច្ច សុខាភិបាល និងវិស័យទេសចរណ៍ជា ដើម។សម្រាប់ពេលនេះជើងហោះហើរ សិង្ហបុរី និងកម្ពុជា ក្នុងមួយថ្ងៃ មាន៤ជើង ដែលបានបង្ហាញឱ្យឃើញថាទំនាក់ ទំនង ប្រជាជន និងប្រជាជន មានសកម្មភាពកាន់តែរស់រវើក។
ឯកឧត្តម ស្ទីវិន ផាំង ឈីវី ក៏បានបញ្ជាក់ថា ប្រទេសកម្ពុជាជាប្រទេសស្អាតចម្រុះពណ៌ ដែលជាចំណុចមួយទាក់ទាញទេសចរយ៉ាងខ្លាំង ខណៈពីមុនគេស្គាល់តែប្រាសាទអង្គវត្តមួយប៉ុណ្ណោះ តែពេលនេះគេបានដឹងថា កម្ពុជាមានតំបន់ទេសចរណ៍ទាក់ទាញជាច្រើន រួមទាំងម្ហូប អាហារសំបូរបែបផងដែរ។ ពាក់ព័ន្ធនិងវិស័យទេសចរណ៍នេះដែរ អ្នកព័ត៌មានរបស់សិង្ហបុរីក៏បានផ្សព្វផ្សាយជាច្រើនអំពីកម្ពុជាដែរ ដោយឡែក ឯកឧត្តមអគ្គរដ្ឋទូតផ្ទាល់ក៏ធ្លាប់បានផ្សព្វផ្សាយអ្វីដែលល្អពីកម្ពុជា ទៅសិង្ហបុរីផងដែរ ទាំងការរក្សាសន្តិសុខ ទាក់ទាញអ្នកវិនិយោគ និងទេសចរណ៍ជាដើម។

ឯកឧត្តម ស្ទីវិន ផាំង ឈីវី បានលើកឡើងថា អ្វីដែលពាណិជ្ជករ និងវិនិយោគគិនគិតមុនគេ គឺសុវត្ថិភាព ហើយឯកឧត្តមធ្លាប់បានធានាចំពោះពាណិជ្ជករ និងវិនិយោគគិនទាំងនោះថា រាជធានីភ្នំពេញ និងប្រទេសកម្ពុជាមានសុខសន្តិភាពសុវត្ថិភាព ព្រោះឯកឧត្តមបានមើលឃើញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធររាជធានីភ្នំពេញ ជាពិសេសក្នុងការងារបង្រ្កាប និងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ONLINE SCAMS។ ចំណុចទាំងអស់នេះហើយ ដែលឯកឧត្តមបានប្រាប់ និងផ្ញើសារទៅពលរដ្ឋសិង្ហបុរីអំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលរាជធានីភ្នំពេញសុវត្ថិភាព ពិសេសពាក់ព័ន្ធនឹងការបង្ក្រាប ONLINE SCAMS និងធ្វើយ៉ាងណាឱ្យពួកគាត់ជឿទុកចិត្តបានពេលមក ប្រទេសកម្ពុជា៕
ដោយ សួស សំរិត





