ឯកឧត្តម ម៉ាង ស៊ីណេត ដឹកនាំមន្ត្រីជំនាញចុះពិនិត្យ ស្ពាន អូរ និងផ្លូវក្នុងក្រុងព្រះសីហនុ ដើម្បីបញ្ចៀសនូវជំនន់ទឹកភ្លៀងរដូវវស្សា
AKP ព្រះសីហនុ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦-- ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិ បាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យស្ពាន អូរ និងផ្លូវក្នុងក្រុងព្រះសីហនុ ដែលរងផលប៉ះពាល់ជំនន់ទឹកភ្លៀង ជាពិសេសដើម្បីបញ្ចៀសនូវជំនន់ទឹកភ្លៀងក្នុងរដូវវស្សា។

ទីតាំងជន់លិចទឹកភ្លៀងនៅតាមចំណុចមួយចំនួនមានដូចជា៖ ស្ពានអ៊ុនតាក់ (សង្កាត់លេខ៣) ផ្លូវ (២៨មិថុនា) អូរ (ស្ពានសណ្ឋាគារឯករាជ្យ) ស្ពានចំការស្ពៃ (ស្រែត្រលួន) ស្ពានអង្គការម្លប់តាប៉ាង និងអូរប្រឡាយក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តព្រះសីហនុបានធ្វើការណែនាំឱ្យមន្ត្រីជំនាញសាងសង់លូបន្ថែម រំដោះទឹកភ្លៀងស្របនឹងលូចាស់នៅលើផ្លូវឯករាជ្យត្រង់ចំណុច (ស្ពានអ៊ុនតាក់) ទម្លាក់ចូលអូរ ស្ថិតនៅសង្កាត់លេខ៣ ព្រមទាំងណែនាំឱ្យអាជ្ញាធរចូលរួមកាយ ប្រមូលដី និងសំរាមចេញពីមាត់លូ ដើម្បីឱ្យមានចរន្តទឹកភ្លៀងហូរបានលឿនចូលក្នុងលូ ចៀសវាងការជន់លិចនៅតាមចំណុចមួយចំនួនក្នុងក្រុងព្រះសីហនុ ដោយសារជំនន់ទឹកភ្លៀងជន់លិចនៅរដូវវស្សា៕


ដោយ ងូ សុមុនី





