លោកជំទាវ លឹម មួយស្រៀន អញ្ជើញចែកចង្ក្រានសន្សំសំចៃថាមពលជូនប្រជាពលរដ្ឋនៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន
AKP កំពង់ធំ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ — លោកជំទាវ លឹម មួយស្រៀន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ធំ ភរិយាឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោកស្រី លំ គន្ធារី អភិបាលរងខេត្ត និងជាប្រធានប្រតិបត្តិសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីបែងចែកចង្ក្រានសន្សំសំចៃថាមពលជូនប្រជាពលរដ្ឋចំនួន ៣២១ គ្រួសារ នៅសាលាសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦។

ពិធីនេះរៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាត់បន្ថយការប្រើប្រាស់អុស ធ្យូង កាត់បន្ថយផលប៉ះពាល់ដល់ការបម្រែបម្រួលអាកាសធាតុ និងបង្ហាញពីការយកចិត្តទុកដាក់របស់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ក្នុងឱកាសនោះ លោកជំទាវ លឹម មួយស្រៀន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងជាពិសេស សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំផងដែរ។

លោកជំទាវបានបញ្ជាក់ជូនថា ចង្ក្រានដែលចែកជូនប្រជាពលរដ្ឋនេះ គឺជាអំណោយរបស់សមាគមនារីកម្ពុជាថ្នាក់កណ្តាល សហការជាមួយក្រុមហ៊ុនអ៉ីនត្រាកូ ប្រទេសវៀតណាម ក្រោមការដឹកនាំសម្របសម្រួលរបស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍។

លោកជំទាវបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ បច្ចុប្បន្នស្ថិតក្នុងរដូវវស្សា ដែលអាចមានភ្លៀងធ្លាក់ខ្លាំង ខ្យល់កន្ត្រាក់ ផ្គរ និងរន្ទះ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ថែរក្សាសុខភាព និងបង្កើនការប្រុងប្រយ័ត្ន ដើម្បីការពារសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិ។ ទន្ទឹមនឹងនេះ សូមពិនិត្យ និងធ្វើបច្ចុប្បន្នភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលផុតសុពលភាព ឬខូចខាត ឱ្យបានទាន់ពេលវេលា។

ជាមួយគ្នានេះដែរ លោកជំទាវក៏បានក្រើនរំលឹកឱ្យប្រជាពលរដ្ឋ ថែរក្សាសុខភាពឱ្យបានល្អ ការរស់នៅមានអនាម័យ ជៀសវាងអាហារប្រៃ អាហារផ្អែម គ្រឿងស្រវឹង និងគ្រឿងញៀនជាដើម៕
ដោយ៖ ស៊ុម វណ្ណា





