ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ធ្វើសន្និសីទសារព័ត៌មាន ស្តីពីវេទិកាធុរកិច្ចទេសចរណ័ឆ្នាំ២០២៦
AKP ព្រះសីហនុ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ — ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ បានធ្វើសន្និសីទសារព័ត៌មាន ស្តីពីវេទិកាធុរកិច្ចទេសចរណ៍ឆ្នាំ២០២៦ ដើម្បី «ផ្សព្វផ្សាយយុទ្ធនាការរដូវកាលបៃតងទស្សនាខេត្តព្រះសីហនុ-កម្ពុជា» ដោយបានគូសបញ្ជាក់ថា ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលប្រសិទ្ធនាមថា ជា "តារារះនាទិសនារតី" ដោយសារខេត្តមានទីតាំងដែលមានសក្តានុពលជាច្រើន មានដូចជា ឆ្នេរសមុទ្រ កោះ ព្រៃកោងកាង និងជីវៈចម្រុះបាតសមុទ្រ ម្យ៉ាងទៀតឆ្នេរសមុទ្រខេត្តព្រះសីហនុ ចាត់ទុកជាតំបន់ស្នូលនៃឆ្នេរសមុទ្រកម្ពុជា ជាពិសេសនៅឆ្នាំ២០២៦ ឆ្នេរសមុទ្ររបស់យើងត្រូវបានទទួលស្គាល់ជាឆ្នេរស្អាតបំផុតលើសកលលោក និងជាប់ចំណាត់ថ្នាក់លេខ៩ ។

ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានបន្តថា វេទិកាធុរកិច្ចទេសចរណ៍ឆ្នាំ២០២៦ ស្តីពី «ផ្សព្វផ្សាយយុទ្ធនាការរដូវកាលបៃតង ទស្សនាខេត្តព្រះសីហនុ-កម្ពុជា» ទាក់ទាញអ្នកទេសចរ និងអ្នកវិនិយោគ ព្រោះការរៀបចំវេទិការនេះ បានអញ្ជើញអ្នកវិនិយោគ និងប្រតិបត្តិករទេសចរណ៍មកពីខេត្ត ក្រុងបងប្អូន ក្នុងនោះមានមកពីខេត្តជាំងស៊ូ ទីក្រុងអ៊ូស៊ី ក្វាងចូវ សៀងហៃ ក្វាងទុងជាដើម ដែលមាន ៨០ក្រុមហ៊ុន។ ក្នុងនោះ ៤០ក្រុមហ៊ុនជាប្រតិបត្តិករទេសចរណ៍ក្នុងស្រុក និង ៤០ក្រុមហ៊ុនទៀត មកពីខេត្តក្រុងបងប្អូនរបស់យើងនៅប្រទេសចិន។ ហើយថ្ងៃនេះក៏មានលោកអភិបាលរងក្រុងអ៊ូស៊ីដឹកនាំប្រតិបត្តិករទេសចរណ៍ និងអ្នកវិនិយោគចិនចូលរួមក្នុងវេទិកាធុរកិច្ចទេសចរណ៍ឆ្នាំ២០២៦ នៅលើទឹកដីខេត្តតំបន់ឆ្នេរផងដែរ។

ឯកឧត្តមអភិបាលខេត្តសង្ឃឹមថា វេទិកាធុរកិច្ចទេសចរណ៍២០២៦ និងជួយជំរុញផ្សព្វផ្សាយទេសចរណ៍ និងវិនិយោគឱ្យបានកាន់តែទូលំទូលាយដល់អ្នកទេសចរជាតិ និងអន្តរជាតិ ជាពិសេសទេសចរណ៍ជនជាតិចិន ស្របតាមផែនការណ៍យុទ្ធនាការរបស់រាជរដ្ឋាភិបាលកម្ពុជា ការលើកលែងទិដ្ឋាការជូនភ្ញៀវទេសចរជនជាតិចិន គឺចាប់ពីថ្ងៃទី១៥ ខែមិថុនា រហូតដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ពិសេសអ្នកទេសចរជនជាតិចិន ដែលរាជរដ្ឋាភិបាលបានលើកលែងទិដ្ឋាការជូនពួកគាត់ សូមអញ្ជើញមកទស្សនាសម្រាកកម្សាន្តនៅខេត្តព្រះសីហនុ។ រដ្ឋបាលខេត្ត បានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលស្វាគមន៍កន្លែងស្នាក់នៅ អាហារមានស្តង់ដារខ្ពស់ តម្លៃសមរម្យ ជាពិសេសធានាសុវត្ថិភាពទាំងភ្ញៀវទេសចរជាតិ អន្តរជាតិ អ្នកវិនិយោគមកកាន់ខេត្តព្រះសីហនុ។

ឯកឧត្តម បានបញ្ជាក់ថា រយៈពេល ៦ខែដើមឆ្នាំ២០២៦ ភ្ញៀវទេសចរក្នុងស្រុកមានការថយចុះ ៩% ក៏ប៉ុន្តែភ្ញៀវទេសចរបរទេសមានការកើនឡើង ១០%៕
ដោយ៖ ងូ សុមុនី





