សិក្ខាសាលាអន្តរជាតិចិន-អាស៊ានឆ្នាំ២០២៦ ស្តីពីការអភិវឌ្ឍការអប់រំឌីជីថលប្រកបដោយគុណភាព
AKP ភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦-- ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាអន្តរជាតិចិន-អាស៊ានឆ្នាំ២០២៦ ស្តីពីការអភិវឌ្ឍការអប់រំឌីជីថលប្រកបដោយគុណភាព នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា-ចិន រាជធានីភ្នំពេញ។

សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីសំណាក់ លោក Xie Yonghua លេខាធិការនៃគណៈកម្មាធិការបក្សនៃសាកលវិទ្យាល័យឧស្សាហកម្មបច្ចេកវិទ្យាណានជីង (តាមប្រព័ន្ធអនឡាញ) លោកឧកញ៉ា ជា សឿន អនុប្រធានអចិន្ត្រៃយ៍សមាគមសម្ព័ន្ធខ្មែរ-ចិន លោក Tingkham SULINTHA អគ្គនាយករងនៃនាយកដ្ឋានអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្រសួងអប់រំ និងកីឡាឡាវ (តាមប្រព័ន្ធអនឡាញ) តំណាងសាកលវិទ្យាល័យមួយចំនួននៅកម្ពុជា វាគ្មិនមកពីប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ឡាវ និងកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសសំខាន់ៗជាច្រើនទៀត។ សិក្ខាសាលាអន្តរជាតិចិន-អាស៊ានឆ្នាំ២០២៦ ស្តីពីការអភិវឌ្ឍប្រកបដោយគុណភាពនៃវិស័យអប់រំឌីជីថលនេះធ្វើឡើងដើម្បីចែករំលែកបទពិសោធន៍ និងចំណេះដឹងពីសំណាក់អ្នកជំនាញមកពីបណ្ដាប្រទេសមួយចំនួនក្នុងតំបន់។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការបានលើកឡើងនូវចំណុចអាទិភាពមួយចំនួនរបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនឹងការអភិវឌ្ឍធនធានមនុស្ស និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចឌីជីថល ដើម្បីសម្រេចបានជោគជ័យនូវចក្ខុវិស័យឆ្នាំ២០៥០។ ឈរលើមូលដ្ឋាននៃចំណុចអាទិភាពដែលរាជរដ្ឋាភិបាលបានដាក់ចេញនេះ និងតាមរយៈកិច្ចសហការជាមួយដៃគូអភិវឌ្ឍនានា ក្រសួងអប់រំ យុវជន និងកីឡា សម្រេចបាននូវសមិទ្ធផលគួរឱ្យកត់សម្គាល់ក្នុងកិច្ចការអប់រំឌីជីថល រួមមាន ការកសាងវេទិកាអប់រំឌីជីថលសម្រាប់សិស្សានុសិស្សប្រើប្រាស់នៅទូទាំងប្រទេស ការបណ្តុះបណ្តាលគ្រូបង្រៀនលើចំណេះដឹងឌីជីថល ព្រមទាំងការអនុវត្តគម្រោងសាកល្បងលើការអប់រំអំពីបញ្ញាសិប្បនិម្មិតនៅតាមបណ្ដាសាកលវិទ្យាល័យ និងវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅទូទាំងប្រទេស។ ទន្ទឹមនឹងនេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បាន និងកំពុងជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន ពាក់ព័ន្ធនឹងបញ្ហាកង្វះធនធាន កង្វះហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅតាមខេត្តដាច់ស្រយាល កង្វះមាតិកាអប់រំប្រកបដោយគុណភាពជាភាសាខ្មែរ ប្រព័ន្ធគ្រប់គ្រង និងវាយតម្លៃសមត្ថភាពឌីជីថលកំពុងស្ថិតក្នុងការអភិវឌ្ឍ និងជាពិសេសគឺកង្វះអ្នកជំនាញផ្នែកឌីជីថល និងបញ្ញាសិប្បនិម្មិតនៅក្នុងវិស័យអប់រំ។

សូមគូសបញ្ជាក់ថា សិក្ខាសាលាអន្តរជាតិចិន-អាស៊ានឆ្នាំ២០២៦ ស្តីពីការអភិវឌ្ឍការអប់រំឌីជីថលប្រកប ដោយគុណភាពនេះ គឺជាផ្នែកមួយនៃសប្តាហ៍កិច្ចសហប្រតិបត្តិការអប់រំចិន-អាស៊ានឆ្នាំ២០២៦។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្រោមគោលបំណងប្រមូលផ្តុំអ្នកជំនាញកម្ពុជា និងអ្នកជំនាញមកពីបណ្ដាប្រទេសមួយចំនួនក្នុងតំបន់ ដើម្បីសិក្សាស្វែងយល់ពីយន្តការថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់ តាមរយៈសម្ព័ន្ធអប់រំឌីជីថលចិន-អាស៊ាន៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





