ប្រធាន គ.ជ.ប ជម្រាបជូនអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា អំពី ការបោះឆ្នោតនៅកម្ពុជា ដោយចែកជាពីរដំណាក់កាលធំៗ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦--ឯកឧត្តមប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានជម្រាបជូនអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា ដោយបានគូសបញ្ជាក់ថា ការបោះឆ្នោតនៅប្រទេសកម្ពុជាចែកជាពីរដំណាក់កាលធំៗគឺ ដំណាក់កាលពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងដំណាក់កាលនៃការបោះឆ្នោត។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ចេញផ្សាយថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ក្រោយជំនួបពិភាក្សាការងារ របស់ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) និងលោក Thomas Andrews អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា នៅនៅទីស្តីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងជំនួបនោះ ឯកឧត្តម ប្រាជ្ញ ចន្ទ បានជម្រាបជូនអំពីសាវតានៃការបោះឆ្នោតនៅកម្ពុជា ដោយការបោះឆ្នោតលើកដំបូងនៅកម្ពុជាគឺនៅឆ្នាំ១៩៩៣ ដែលជាការបោះឆ្នោតសភាធម្មនុញ្ញ ហើយដែលបានរៀបចំដោយអាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិហៅកាត់ថា អ៊ុនតាក់(UNTAC)។ សភាធម្មនុញ្ញបានតាក់តែង ហើយបានអនុម័តរដ្ឋធម្មនុញ្ញ បន្ទាប់មកសភាធម្មនុញ្ញក៏ក្លាយជារដ្ឋសភាបង្កើតរាជរដ្ឋាភិបាល។ ឯកឧត្តមបានបន្តថា ចាប់តាំងពីឆ្នាំ១៩៩៨មក ប្រទេសកម្ពុជា បានរៀបចំការបោះឆ្នោតដោយខ្លួនឯងដែលមានស្ថាប័ន គ.ជ.ប ជាអ្នករៀបចំចាត់ចែងការបោះឆ្នោតទាំងការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សរុបមកទល់ពេលបច្ចុប្បន្ននេះ គ.ជ.ប រៀបចំការបោះឆ្នោតបានចំនួន១៩លើករួចហើយ។ ឯកឧត្ដមប្រធាន គ.ជ.ប បានលើកឡើងថា ការវាយតម្លៃជាទូទៅលើការបោះឆ្នោតកន្លងមក ត្រូវបានមជ្ឈដ្ឋានទូទៅទាំងជាតិ និងអន្តរជាតិ វាយតម្លៃថាបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងជាពិសេសការបោះឆ្នោតឆ្នាំ១៩៩៨ ត្រូវបានប្រតិភូសង្កេតការណ៍បោះឆ្នោតមកពីសហរដ្ឋអាមេរិក បានវាយតម្លៃថាជា “អច្ឆរិយនៃដងទន្លេមេគង្គ”។
ជាមួយគ្នានេះ ឯកឧត្តម ប្រាជ្ញ ចន្ទ ក៏បានជម្រាបជូន និងប្រៀបធៀបអំពីការចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ១៩៩៨ ដែលធ្វើដោយដៃទៅនឹងការចុះឈ្មោះបោះឆ្នោតនាពេលបច្ចុប្បន្នធ្វើតាមប្រព័ន្ធកុំព្យូទ័រ ដើម្បីបង្កើតជាបញ្ជីបោះឆ្នោត ហើយបញ្ជីបោះឆ្នោតត្រូវបានធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ។ ចំពោះចំនួនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតបានកើនឡើងជាលំដាប់ក្នុងឆ្នាំ២០២២ មាន ៨៩.២៨% ធៀបនឹងអ្នកមានអាយុ១៨ឆ្នាំឡើង។ មកដល់ឆ្នាំ២០២៥ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតមានចំនួន ៩០.៥០% នៃអ្នកមានអាយុ ១៨ឆ្នាំឡើង(១០.១៦២.២៣២ នាក់)។

ពាក់ព័ន្ធនឹងការរៀបចំការបោះឆ្នោតនាពេលខាងមុខ ឯកឧត្តមប្រធាន គ.ជ.ប មានប្រសាសន៍ថា ឆ្នាំ២០២៦ គ.ជ.ប កំពុងរៀបចំការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដើម្បីបម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ហើយទន្ទឹមនេះ សេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតក៏បានបញ្ជូនទៅភាគីព័ន្ធចូលរួមផ្តល់យោបល់។ ឯកឧត្តម ក៏បានបានជម្រាបជូនអំពីជំនួយរបស់រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ JICA ដែលបានដំណើរការមជ្ឈមណ្ឌលអប់រំអ្នកបោះឆ្នោតនៅលេខាធិការដ្ឋានខេត្តរៀបចំការបោះឆ្នោតចំនួន ៣ គឺខេត្តកំពង់ធំ ខេត្តកំពង់ចាម និងខេត្តតាកែវ និងជំនួយជាសម្ភារៈ បរិក្ខារបច្ចេកទេសប្រព័ន្ធម៉ាស៊ីនមេ (Servers)ថ្មី ក្នុងទំហំទឹកប្រាក់ប្រមាណ ៥.៤ លានដុល្លារអាម៉េរិក សម្រាប់ការគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត។ ចំពោះការងារទំនាក់ទំនងជាមួយភាគីអន្តរជាតិផ្សេងទៀតគឺ គ.ជ.ប តែងតែទទួលជួបជាមួយបណ្ដាស្ថានទូតអង្គការអន្តរជាតិ ហើយ គ.ជ.ប ក៏ជាសមាជិកសមាគមរៀបចំការបោះឆ្នោតពិភពលោក ហៅកាត់ថា“អេវេប”(A-WEB)និងបណ្តាញពង្រឹងសមត្ថភាពរៀបចំការបោះឆ្នោតនៃប្រទេសនិយាយភាសាបារាំង ហៅកាត់ថា “រីសែហ្វ” (RECEF) ផងដែរ។

ក្នុងឱកាសនោះ លោក Thomas Andrews បានថ្លែងអំណរគុណចំពោះការពន្យល់បកស្រាយយ៉ាងក្បោះក្បាយរបស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ចំពោះដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជា ហើយលោកនឹងបន្តតាមដានជាបន្តទៀតចំពោះដំណើរការប្រជាធិបតេយ្យ ការបោះឆ្នោត និងសិទ្ធិមនុស្សនៅកម្ពុជា៕
ដោយ៖ ជឹម ណារី





