ខេត្តកំពង់ចាម ប្រកាសផ្សព្វផ្សាយលទ្ធផលបឋមផលិតផលក្នុងស្រុកសរុបឆ្នាំ ២០២៥
AKPកំពង់ចាមថ្ងៃទី ២៩ ខែ កក្កដាឆ្នាំ២០២៦---
នៅមន្ទីរផែនការខេត្ត នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នេះ ក្រសួងផែនការ និងរដ្ឋបាលខេត្តកំពង់ចាម បានរៀបចំពិធី ប្រកាសផ្សព្វផ្សាយលទ្ធផលបឋមផលិតផលក្នុងស្រុក សរុបឆ្នាំ ២០២៥ក្រោមអធិបតីឯកឧត្តម រិន វីរ: ទីប្រឹក្សាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានជាតិស្ថិតិ និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។


ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុប របស់ខេត្តកំពង់ចាម សម្រេចបានទំហំទឹកប្រាក់រហូតដល់ ៣,០៧៣ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥។ ប្រាក់ចំណូលមធ្យមសម្រាប់មនុស្សម្នាក់ ប្រជាពលរដ្ឋម្នាក់ៗទទួលបានប្រាក់ចំណូលមធ្យមចំនួន ២,៨៣០ ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ដែលខេត្តជាជនសរុបចំនួន សរុបចំនួន ១.០៨៥.៨៨៣នាក់។វិស័យសំខាន់៣ ជាចលករក្នុងការជម្រុញកំណើនសេដ្ឋកិច្ចរបស់ខេត្ត មានវិស័យកសិកម្ម វិស័យឧស្សាហកម្ម និងសេវាកម្ម ។


ឯកឧត្តម រិន វីរៈ ប្រឹក្សាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានជាតិស្ថិតិ បានលើកឡើងថា ខេត្ត កំពង់ចាមគឺជាខេត្តមួយ ដែលមានសក្តានុពលលើវិស័យជាច្រើន ក្នុងការជម្រុញកំណើនសេដ្ឋកិច្ចមានវិស័យកសិកម្ម ឧស្សាហកម្ម (តំបន់សេដ្ឋកិច្ច) និងសេវាកម្ម ដែលជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចជាតិខេត្ត។ ជាលទ្ធផល សេដ្ឋកិច្ចខេត្តកំពង់ចាមឆ្នាំ២០២៥ មានទំហំសេដ្ឋកិច្ច ១២ ៣៣៩ ០៨១ លានរៀល ស្មើនឹង ៣ ០៧៦ លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៥ ដែលមានកំណើនសេដ្ឋកិច្ច ៦,១% ក់ចំណូលសម្រាប់មនុស្សម្នាក់មាន ២ ៨៣២ ដុល្លារអាម៉េរិក។វិស័យ ចំនួន៣ដែលជា ចលករក្នុងការជម្រុញកំណើនសេដ្ឋកិច្ចរបស់ខេត្តមានវិស័យកសិកម្មមានរួមចំណែក ៣៩,១%, វិស័យឧស្សាហកម្មមានចំណែក ៣៣,៤%, និងវិស័យសេវាកម្មមានចំណែក ២៧,៥%។ ៕

ដោយ ៖ឆាយ ម៉ុត





