ក្រសួងសង្គមកិច្ចប្រកាសដាក់ឱ្យប្រើប្រាស់សៀវភៅ ស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ
AKP ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦--លោកជំទាវ ខៀវ បូរី រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក.) នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់សៀវភៅ ស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ នៅវិទ្យាស្ថានជាតិសង្គមកិច្ច ។

លោកជំទាវ ខៀវ បូរី រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធាន ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក.) បានលើកឡើងថា សៀវភៅ និងកម្មវិធីអេបស្វ័យសិក្សាស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធ អនឡាញ ជាស្នារដៃរួមគ្នាបង្កើតឡើងដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ វិទ្យាស្ថានជាតិសង្គមកិច្ច និងអង្គការឆាលហ្វានកម្ពុជា សម្រាប់បណ្តុះបណ្តាលដល់និស្សិតរបស់វិទ្យាស្ថានជាតិសង្គមកិច្ច ទាំងមូល ។ សៀវភៅ និងកម្មវិធីអេបស្វ័យសិក្សាស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធ អនឡាញនេះ នឹងជួយដល់កុមារឱ្យគេចចេញពីអំពើជួញដូរមនុស្ស ជាពិសេសកុមារ ឱ្យយល់ដឹងកាន់តែច្បាស់នូវល្បិចកល់ ជួញដូរមនុស្ស ក្នុងសម័យឌីជីថល ។

នៅក្នុងពិធូនោះមានសមាសចូលរួមពីឯកឧត្តម លោកជំទាវសមាជិក សមាជិកា ក.ជ.ក. ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្ដមអគ្គលេខាធិការ ឯកឧត្ដម លោកជំទាវអគ្គលេខាធិការរង ឯកឧត្តមនាយកវិទ្យាស្ថានជាតិសង្គមកិច្ច លោកប្រធានមន្ទីរ នាយកវិទ្យាស្ថាន លោក លោកស្រីមន្ត្រីរាជការស្ថាប័នពាក់ព័ន្ធ នាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សនិស្សិត និងអង្គការដៃគូអភិវឌ្ឍន៍ដែលមានអ្នកចូលរួមសរុបចំនួន ២០០នាក់ប៕

ដោយ ណយ នឿន (ប្រភព៖ក្រសួងសង្គមកិច្ច)





