ក្រសួងអធិការកិច្ចសហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ រៀបចំវេទិកាសាធារណៈដើម្បីដោះស្រាយបញ្ហា និងសំណូមពរជូនប្រជាពលរដ្ឋក្នុងស្រុកពញាក្រែក
AKP ត្បូងឃ្មុំ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦-- លោកជំទាវ សេង សាណាស់ អនុរដ្ឋលេខាធិការក្រសួងអធិការកិច្ច និងលោក រស់ ផារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងពិធីវេទិកាសាធារណៈ ដើម្បីសិក្សាស្វែងយល់ពីកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋ ស្ថិតក្នុងបរិវេណវត្តគិរីណារាមទួលកែវអំពុក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦។ វេទិកានេះក៏មានការចូលរួមពីលោក លោកស្រី ជាប្រតិភូក្រសួង តំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

បន្ទាប់ពីលោក លី សុភាលីន អភិបាលនៃគណៈអភិបាលស្រុកពញាក្រែក បានឡើងធ្វើរបាយការណ៍ស្វាគមន៍លោកជំទាវ សេង សាណាស់ បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមរដ្ឋមន្រ្តី និងលើកឡើងពីទស្សនៈជាក់លាក់របស់ក្រសួងគឺ «អធិការកិច្ចជាភ្នែក ជាត្រចៀករបស់ថ្នាក់លើ និងជាមិត្តជិតស្និទ្ធរបស់ថ្នាក់ក្រោម» និង «អធិការកិច្ចដើម្បីទាំងអស់គ្នា ទាំងអស់គ្នា ឆ្ពោះទៅកាន់អភិបាលកិច្ចល្អ»។

លោកជំទាវបានបន្ថែមទៀតថា ក្រោមការដឹកនាំរបស់ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានដាក់ចេញនូវយុទ្ធសាស្ត្រ «ព៤ជ៤» រួមមានពង្រឹងការងារអធិការកិច្ច ពង្រឹងយន្តការដោះស្រាយបណ្ដឹង ពង្រឹងការងារតាមដានអនុវត្តច្បាប់ និងការពង្រឹងផ្សព្វផ្សាយច្បាប់និងវេទិកាសាធារណៈ និងជ៤ គឺជំរុញការងារគាំទ្រចំនួន៤បន្ថែមទៀត ហើយវេទិកាសាធារណៈនេះជាយុទ្ធសាស្ត្រ ពទី៤ គឺទទួលនូវសំណូមពរ និងបញ្ហាទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងក្នុងជីវភាពរបស់ប្រជាពលរដ្ឋ។

លោកជំទាវបានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន និងមន្ទីរអង្គភាពដែលពាក់ព័ន្ធ មេត្តាយកចិត្តទុកដាក់លើសំណូមពរទុក្ខកង្វល់ បញ្ហាប្រឈមផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានលើកឡើងក្នុងវេទិកានេះ។
ក្នុងឱកាសនោះ លោក រស់ ផារិទ្ធ អភិបាលរងខេត្ត បានមានប្រសាសន៍បូកសរុបបញ្ហាប្រឈមនិងសំណូមពររបស់ប្រជាពលរដ្ឋ និងបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់មន្ទីរអង្គភាព អាជ្ញាធរមូលដ្ឋាន សម្រាប់កិច្ចការងារកន្លងមក និងបានមានប្រសាសន៍សំណេះសំណាល និងបានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមរាយការណ៍អ្នកដែលមានទុក្ខលំបាកពិតប្រាកដ និងងាយរងហានិភ័យដល់ភូមិ ឃុំ ដើម្បីស្នើសុំបណ្ណក្រីក្រ ឬបណ្ណសមធម៌ សម្រាប់ជូនដល់ពួកគាត់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលមិនទុកចោលប្រជាពលរដ្ឋណាម្នាក់ឡើយ៕

ដោយ ទ្រី ស៊ីវម៉េង





