ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី វត្តព្រះឥន្ទសាមគ្គីធម៌ ជួយទ្រទ្រង់សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី
AKP កណ្ដាល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦--ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យសលាកភត្ត និងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ដើម្បីប្រមូលបច្ច័យទ្រទ្រង់ និងកសាងសមិទ្ធផលនានាក្នុងសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ស្ថិតក្នុងភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ពិធីបុណ្យសលាកភត្ត និងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ត្រូវបានរៀបចំឡើងតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនាយ៉ាងខ្ជាប់ខ្ជួន ដោយមានការវេរភត្តាហារ និងទេយ្យទានដើម្បីប្រគេនដល់ព្រះសង្ឃ។ ក្នុងនោះបច្ច័យដែលទទួលបានពីពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីនាឱកាសនេះ នឹងត្រូវនាំយកទៅជួយទ្រទ្រង់ដល់ សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ដែលជាគ្រឹះស្ថានឧត្តមសិក្សាសាសនា និងទូទៅដ៏សំខាន់មួយ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការកសាង កែលម្អអាគារសិក្សា បណ្ណាល័យ និងបន្ទប់ពិសោធន៍។

ការចូលរួមប្រមូលបច្ច័យរបស់ពុទ្ធបរិស័ទជិតឆ្ងាយនាពេលនេះ មិនត្រឹមតែជាការសាងកុសលតាមបែបព្រះពុទ្ធសាសនានោះទេ ប៉ុន្តែថែមទាំងជាការវិនិយោគលើធនធានមនុស្សតាមរយៈការជួយទ្រទ្រង់ដំណើរការរបស់ សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ឱ្យកាន់តែរីកចម្រើន សម្រាប់បណ្តុះបណ្តាលសិស្ស-និស្សិត និងព្រះសង្ឃឱ្យទទួលបានចំណេះដឹងខ្ពង់ខ្ពស់ ដែលជាគ្រឹះយ៉ាងរឹងមាំសម្រាប់អភិវឌ្ឍប្រទេសជាតិ និងសង្គមជាតិទាំងមូល។

សូមបញ្ជាក់ផងដែរថា ពិធីបុណ្យសលាកភត្តគឺជាពិធីបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនាដ៏ចំណាស់មួយ ដែលពុទ្ធបរិស័ទប្រកបដោយសទ្ធាជ្រះថ្លាតែងតែធ្វើឡើងក្នុងរដូវវស្សា។ «សលាកភត្ត» មានន័យថា ភត្តាហារ ឬចង្ហាន់ដែលប្រគេនដល់ព្រះសង្ឃដោយវិធីចាប់ឆ្នោត (សលាក) ដោយមិនតម្រង់ជួរ ឬជ្រើសរើសព្រះសង្ឃអង្គណានោះឡើយ។ការរួមគ្នាក្នុងពិធីបុណ្យសលាកភត្ត និងផ្កាប្រាក់មហាសាមគ្គីនេះ មិនត្រឹមតែជាការសាងកុសលផលបុណ្យសម្រាប់ជីវិតលោកនេះ និងលោកខាងមុខប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញយ៉ាងច្បាស់អំពីកម្លាំងសាមគ្គីភាពយ៉ាងរឹងមាំរបស់សង្គមខ្មែរក្នុងការថែរក្សាព្រះពុទ្ធសាសនា ឱ្យស្ថិតស្ថេរចីរកាល និងជាកាតាលីករជំរុញការអភិវឌ្ឍសហគមន៍ឱ្យមានការរីកចម្រើន។

ពិធីបុណ្យនេះត្រូវបានរៀបចំឡើងនៅវត្តព្រះឥន្ទសាមគ្គីធម៌ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ព្រមទាំងព្រះសង្ឃ និងពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រើនកុះករ៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





