មន្រ្តីជាន់ខ្ពស់សុខាភិបាលអះអាងថា៖ គិលានុបដ្ឋាក គឺជាកម្លាំងស្នូលនិងជាបេះដូងនៃប្រព័ន្ធសុខាភិបាល
AKP សៀមរាប ថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០២៦---
ថ្លែងនៅក្នុងសន្និសីទក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តសៀមរាបឆ្នាំ២០២៦ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ នៅខេត្តសៀមរាប លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងថា គិលានុបដ្ឋាក គឺជា «កម្លាំងស្នូល និងជាបេះដូង» នៃប្រព័ន្ធសុខាភិបាល។ គិលានុបដ្ឋាក គឺជាអ្នកដែលនៅកៀកជិតបំផុតជាមួយអ្នកជំងឺ២៤ម៉ោងលើ២៤ម៉ោង ។

លោកជំទាវសាស្ត្រាចារ្យបន្តថា មិនត្រឹមតែផ្តល់នូវការថែទាំផ្នែកវេជ្ជសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ជាអ្នកផ្តល់នូវកម្លាំងចិត្ត សេចក្តីមេត្តាករុណា និងការយកចិត្តទុកដាក់ប្រកបដោយមនោ សញ្ចេតនា។ ដូច្នេះការពង្រឹងសមត្ថភាព គុណវុឌិ្ឈ និងសីលធម៌វិជ្ជាជីវៈ របស់គិលានុបដ្ឋាក គឺជាសសរទ្រូងក្នុងការធានានូវគុណភាពនិងសុវត្ថិភាពនៃការផ្តល់សេវាសុខាភិបាលនៅកម្ពុជា។

លោកជំទាវបានបន្តថា ភាពជោគជ័យដែលកំពុងលេចចេញនាថ្ងៃនេះ សុទ្ធតែជាផលនៃការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា។ វេទិកានេះ ពិតជាមានតម្លៃណាស់ ក្នុងការផ្លាស់ប្ដូរ ចំណេះដឹង បទពិសោធន៍ លទ្ធផលស្រាវជ្រាវ និងនវានុវត្តន៍ថ្មីៗ ក្នុងវិស័យគិលានុបដ្ឋាក។
លោកវេជ្ជបណ្ឌិត អ៊ាប ប៊ុនលឿន អនុ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប ទទួលបន្ទុកការងាររួម បានលើកឡើងថា ក្នុងបរិបទនៃការរីកចម្រើនយ៉ាងឆាប់រហ័ សនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការទទួលយកនវានុវត្តន៍មកអនុវត្តក្នុងការថែទាំអ្នកជំងឺ គឺជាកត្តាសំខាន់ដែលអាចលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវា កាត់បន្ថយហានិភ័យ និងធានាបាននូវសុវត្ថិភាពអ្នកជំងឺ។ ទន្ទឹមនឹងនេះ ការពង្រឹងសមត្ថភាពវិជ្ជាជីវៈ ការអប់រំបន្ត ការស្រាវជ្រាវ ការអនុវត្តផ្អែកលើភស្តុតាង និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល គឺជាមូលដ្ឋានគ្រឹះសម្រាប់ការលើកកម្ពស់គុណភាពនៃការថែទាំ។

លោក តួច ពលពណ្ណៈ ប្រធានក្រុម ប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តសៀម រាប បានថ្លែងថា សន្និសីទនាពេលនេះ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «ការពង្រឹងវិជ្ជាជីវៈគិលានុបដ្ឋាកកម្ពុជា៖ នវានុវត្តន៍ គុណភាព និងសុវត្ថិភាពអ្នកជំងឺ» ក្នុងគោលបំណងជំរុញការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ លទ្ធផលស្រាវជ្រាវ និងនវានុវត្តន៍ថ្មីៗ សម្រាប់ការអភិវឌ្ឍវិជ្ជាជីវៈគិលានុបដ្ឋាក ឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងឆ្លើយ តបទៅនឹងតម្រូវការវិជ្ជាជីវ: សុខាភិបាលដែលកំពុងវិវត្តឥតឈប់ឈរ។
លោកមានការជឿជាក់ថា តាមរយៈបទបង្ហាញ ការពិភាក្សា និងការផ្លាស់ប្តូរបទពិសោធន៍ក្នុងសន្និសីទនេះ អ្នកចូ លរួមទាំងអស់នឹងទទួលបានចំណេះដឹង និងគំនិតថ្មីៗ ដែលអាចយកទៅអនុវត្តក្នុងការពង្រឹងគុណភាពសេវាថែទាំអ្នកជំងឺ និងការអភិវឌ្ឍវិជ្ជាជីវៈគិលានុបដ្ឋាកនៅកម្ពុជាឱ្យកាន់តែរឹងមាំនិងមានភាពធន់នាពេលអនាគត៕
ដោយ៖ឃុត សៅ





