ខួប១ឆ្នាំនៃការឈ្លានពានទឹកដីពីសំណាក់កងកម្លាំងយោធាថៃ សម្តេចធិបតី ក្រើនរម្លឹកដល់ប្រជាជាតិខ្មែរឱ្យប្រែក្លាយការឈឺចាប់នេះ ទៅជាការពង្រឹងខ្លួនលើគ្រប់វិស័យ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦--ក្នុងឱកាសខួប១ឆ្នាំនៃការឈ្លានពានទឹកដីពីសំណាក់កងកម្លាំងយោធាថៃ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានក្រើនរម្លឹកដល់ប្រជាជាតិខ្មែរឱ្យប្រែក្លាយការឈឺចាប់នេះ ទៅជាការពង្រឹងខ្លួនលើគ្រប់វិស័យទាំងសេដ្ឋកិច្ច ការពារជាតិ និងធនធានមនុស្ស ជាដើម។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី។
ទន្ទឹមនេះ សម្តេចធិបតី ក៏បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរកងទ័ព វីរកងនគរបាលជាតិ និងវីរកង រាជអាវុធហត្ថដែលបានពលីជីវិតដើម្បីបុព្វហេតុការពារទឹកដី និងបានកោតសរសើរចំពោះវីរយុទ្ធជនដែលកំពុង ឈរជើងនៅជួរមុខដើម្បីការពារអធិតេយ្យភាព បូរណភាពទឹកដី និងរក្សាសេចក្តីសុខសាន្តរបស់ប្រជាជន។
សូមជម្រាបជូនថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ប្រចាំសប្តាហ៍ ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន ៣ នាព្រឹកទី២៤ ខែកក្កដា ឆ្នាំ២០២៦ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
របៀបវារៈ រួមមាន៖
១-សេចក្តីព្រាងរបាយការណ៍ស្តីពីការតាមដាន និងត្រួតពិនិត្យប្រចាំឆ្នាំ២០២៥ នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
២-របាយការណ៍វឌ្ឍនភាពនៃវិស័យធនធានទឹក និងវិធានការត្រៀមលក្ខណៈឆ្លើយតបបាតុភូតអែលនីញ៉ូ។
៣-របាយការណ៍វឌ្ឍនភាព នៃការអនុវត្តយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)៕


ដោយ៖ គង់ សិរីរ័ត្ន





