រដ្ឋបាលខេត្តកណ្តាលបើកវគ្គបណ្តុះបណ្តាលស្តីពី “អក្ខរកម្មបញ្ញាសិប្បនិម្មិត AI Literacy” ជូនស្ត្រីជាថ្នាក់ដឹកនាំ
AKP កណ្ដាល ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦-- រដ្ឋបាលខេត្តកណ្តាលបានបើកវគ្គបណ្តុះបណ្តាលស្តីពី “អក្ខរកម្មបញ្ញាសិប្បនិម្មិត AI Literacy” ជូនដល់ក្រុមការងារបញ្ជ្រាបយេនឌ័រខេត្ត និងសមាជិកសាខាសមាគមនារីខេត្ត ក្រុង ស្រុក និងបណ្តាញស្ត្រីឃុំ សង្កាត់ និងភូមិ មន្ត្រីរាជការរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកស្រី ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល និងលោកបណ្ឌិត លី រតនា ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលនៃបណ្ឌិត្យសភាឌីជីថលកម្ពុជា (ប.ប.ឌ)។

មានប្រសាសន៍ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ លោកស្រី ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្ដាល មានប្រសាសន៍ថា បច្ចេកវិទ្យាឌីជីថលកំពុងតែរីកចម្រើនយ៉ាងឆាប់រហ័សពីមួយ ថ្ងៃទៅមួយថ្ងៃ ដែលជាកត្តាចម្បងតម្រូវឱ្យគ្រប់អង្គភាព ស្ថាប័ននានា ជាពិសេសបុគ្គលម្នាក់ៗ ត្រូវ តែអាចប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានយ៉ាងទូលំទូលាយ។ បច្ចេកវិទ្យាទាំងនេះបានក្លាយជា ផ្នែកមួយសំខាន់នៃការងារប្រចាំថ្ងៃ ការគ្រប់គ្រងទិន្នន័យសំខាន់ៗ ការទំនាក់ទំនងសង្គម និងជីវភាពរស់នៅ។ ក្នុងចំណោមបច្ចេកវិទ្យាទាំងអស់នោះ បញ្ញាសិប្បនិម្មិត (AI) គឺជាបច្ចេកវិទ្យាដ៏មានឥទ្ធិពលដែលយើងត្រូវការប្រើប្រាស់ជាប្រចាំថ្ងៃ ទាំងសម្រាប់ការងារ និងការកម្សាន្ត។

ការយល់ដឹងអំពី AI នឹងជួយបង្កើនសមត្ថភាពក្នុងការធ្វើសេចក្តីសម្រេចចិត្ត ការវិភាគព័ត៌មាន ការរៀបចំផែនការ ការទំនាក់ទំនង និងការបង្កើនប្រសិទ្ធភាពការងារ។ ការយល់ដឹងអំពី AI មិនមែនជារឿងរបស់តែអ្នកបច្ចេកទេស ឬវិស្វករប៉ុណ្ណោះទេ ប៉ុន្តែវាជាតម្រូវការចាំបាច់ សម្រាប់មនុស្សគ្រប់រូប ជាពិសេសស្ត្រីដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិរបស់យើង អាចប្រើ ប្រាស់បច្ចេកវិទ្យាបានប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងក្រមសីលធម៌។ ទោះបីជាបច្ចេកវិទ្យា AI មានអត្ថប្រយោជន៍ច្រើនយ៉ាងណាក៏ដោយ ក៏វានាំមកនូវបញ្ហា ប្រឈមមួយចំនួនផងដែរ ប្រសិនបើយើងប្រើប្រាស់វាដោយខ្វះការយល់ដឹង ដូចជាបញ្ហាសន្តិសុខ ព័ត៌មានផ្ទាល់ខ្លួន ព័ត៌មានមិនពិត (Fake News) និងការបាត់បង់តុល្យភាពក្នុងការរស់នៅជាដើម។ ដូច្នេះ វគ្គបណ្តុះបណ្តាលនាថ្ងៃនេះ មិនត្រឹមតែបង្រៀនបងប្អូនឱ្យចេះប្រើប្រាស់ AI ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យបងប្អូនយល់ដឹងពីការប្រើប្រាស់វាដោយមានក្រមសីលធម៌ សុវត្ថិភាព និងការទទួលខុសត្រូវខ្ពស់។

លោកស្រីអភិបាលរងខេត្តកណ្តាលក៏បានជំរុញដល់សិក្ខាកាមទាំងអស់ ពង្រឹងសមត្ថភាព និងចំណេះដឹងដើម្បីក្លាយជាកម្លាំងចលករដ៏មានឥទ្ធិពល ក្នុងការនាំយកបច្ចេកវិទ្យាដ៏ទំនើបជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់យកទៅបម្រើផលប្រយោជន៍ដល់ ការងាររដ្ឋបាល ការអភិវឌ្ឍមូលដ្ឋាន និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាដោះស្រាយរាល់បញ្ហាប្រឈមនានា និងបម្រើតម្រូវការប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





