ក្រសួងបរិស្ថាន និងអង្គការ FAO បើកសិក្ខាសាលាពង្រឹងសមភាពយេនឌ័រនៅខេត្តមណ្ឌលគិរី
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦-- ក្រសួងបរិស្ថានដោយមានការគាំទ្របច្ចេកទេសពីអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) UN Women and Oxfam កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ បានបើកសិក្ខាសាលាថ្នាក់តំបន់លើកទី២នៅខេត្តមណ្ឌលគិរី ដើម្បីពង្រឹងសមភាពយេនឌ័រ ក្នុងចំណាត់ការអាកាសធាតុនៅកម្ពុជា។

សិក្ខាសាលាបានណែនាំនូវវិធានការជាក់ស្តែង និងសូចនាករក្រោមការរួមចំណែកដោយកំណត់ជាតិកម្ពុជា (NDC 3.0) និងផែនការយុទ្ធសាស្រ្តយេនឌ័រទី IV (2026–2030) ដែលជួយធានាថាគោលនយោបាយនិងកម្មវិធីអាកាសធាតុឆ្លើយតបទៅនឹងតម្រូវការរបស់ស្ត្រី និងបុរស ខណៈពេលដែលទទួលស្គាល់ស្ត្រីជាអ្នកដឹកនាំសំខាន់ៗក្នុងការកសាងសហគមន៍ដែលមានភាពធន់។

សិក្ខាសាលាត្រូវបានសម្ពោធដោយឯកឧត្តម ងិន លីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន រួមជាមួយលោកស្រី Rebekah Bell តំណាង FAO ប្រចាំនៅកម្ពុជា និងលោក កែវ សាវឿន អភិបាលរងខេត្តមណ្ឌលគិរី។ ព្រឹត្តិការណ៍នេះបាននាំយកតំណាងមន្ទីរបរិស្ថាន កសិកម្ម និងកិច្ចការនារីខេត្ត រួមជាមួយដៃគូអភិវឌ្ឍ ដើម្បីពង្រឹងវិធីសាស្រ្តឆ្លើយតបយេនឌ័រក្នុងការសម្របខ្លួនអាកាសធាតុ អភិបាលកិច្ចបរិស្ថាន និងការរៀបចំផែនការអភិវឌ្ឍមូលដ្ឋាន។

តាមរយៈការលើកកម្ពស់កិច្ចសហប្រតិបត្តិការនៅទូទាំងវិស័យ និងកម្រិតនៃរាជរដ្ឋាភិបាល សិក្ខាសាលាគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាដើម្បីកសាងអនាគតដែលមានភាពរួមបញ្ចូល និងធន់នឹងអាកាសធាតុ ដែលស្ត្រី និងបុរសអាចចូលរួមចំណែក និងទទួលបានអត្ថប្រយោជន៍ពីការអភិវឌ្ឍប្រកបដោយចីរភាព៕
ដោយ ណយ នឿន (ប្រភព៖ FAO)





