មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទជំរុញឱ្យអ្នកប្រើប្រាស់ផ្លូវចូលរួមថែរក្សាឱ្យបានគង់វង្ស
AKP កំពង់ធំ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ -- ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ សមាជិកគណៈកម្មាធិការលទ្ធកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានជំរុញអ្នកប្រើប្រាស់ផ្លូវចូលរួមថែរក្សាឱ្យបានគង់វង្ស ព្រោះផ្លូវជាសរសៃឈាមនៃសេដ្ឋកិច្ច ងាយស្រួលក្នុងការដឹកជញ្ជូនកសិផល ចំណេញពេលវេលា ហើយសិស្សានុសិស្សធ្វើដំណើរទៅសិក្សារៀនសូត្រប្រាកដដោយសុវត្ថិភាព។ ឯកឧត្តមរដ្ឋលេខាធិការបានជំរុញដូចនេះនៅពេលចុះត្រួតពិនិត្យវាយតម្លៃដំណាក់កាលទី១ លើការថែទាំជាប្រចាំផ្លូវចំនួន ១០ខ្សែ ប្រវែងសរុប ១៣៣,៩៧០ម៉ែត្រ ក្នុងនោះរួមមាន៖ ផ្លូវក្រាលកៅស៊ូ DBST ចំនួន០៣ខ្សែ ប្រវែងសរុប ៥៧,៣០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ស្ថិតនៅឃុំសាលាវិស័យ ឃុំទួលគ្រើល ឃុំផាន់ញើម ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក និងឃុំក្រវ៉ា ឃុំគគីរធំ ស្រុកបារាយណ៍។ ផ្លូវក្រាលល្បាយក្រួសចំនួន ០៧ខ្សែ ប្រវែងសរុប ៧៦,៦៧០ម៉ែត្រ ទទឹង ៥ម៉ែត្រ ស្ថិតនៅឃុំព្រៃគុយ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ឃុំសំបូរណ៍ ឃុំតាំងក្រសៅ ឃុំឈូក ឃុំស្រើង ស្រុកប្រាសាទសំបូរ និងឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ (គម្រោងលេខ DRR-RM-2026-No.010) អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ប្រើប្រាស់ថវិកាជំពូក៦១។

ការចុះត្រួតពិនិត្យវាយតម្លៃដំណាក់កាលទី១ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ នេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លឹម អ៉ីវ អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍជនបទ ក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដំណើរដោយលោក តាន់ វាសនា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងមន្ត្រីជំនាញការិយាល័យ។

ឯកឧត្តម ផូ ផារិទ្ធ បានផ្ដាំផ្ញើដល់លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ អាជ្ញាធរមូលដ្ឋាន និងអ្នកប្រើប្រាស់ផ្លូវ សូមមេត្តាចូលរួមថែរក្សាដោយប្រុងប្រយ័ត្នពេលធ្វើដំណើរ និងចូលរួមថែទាំផ្លូវសាធារណៈ ដើម្បីធានាបាននូវសុវត្ថិភាព និងភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋទាំងអស់។ ផ្លូវមានសារៈប្រយោជន៍ដល់ពុកម៉ែបងប្អូនបានប្រើប្រាស់ដឹកកសិផល សិស្សានុសិស្សទៅសាលារៀនបានដោយសុខសុវត្ថិភាព ងាយស្រួល និងឆាប់រហ័សជាងមុន។

សូមបញ្ជាក់ថា បន្ទាប់ពីបានចុះត្រួតពិនិត្យ វាយតម្លៃ និងប្រជុំពិភាក្សាលើការងារខាងលើ គណ:កម្មាធិការអន្តរក្រសួងបានឯកភាពទទួលយកគម្រោងខាងលើនេះ៕
ដោយ៖ ស៊ុម វណ្ណា





