ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បញ្ជាម៉ឺងម៉ាត់ដល់កងកម្លាំងនគរបាលឱ្យបង្កើនការទប់ស្កាត់ និងបោសសម្អាតអនឡាញស្កែម ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ
AKP បន្ទាយមានជ័យ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ -- លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងនគរបាលឱ្យបង្កើនការទប់ស្កាត់ និងបោសសម្អាតអនឡាញស្កែម ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ ដើម្បីរក្សាសន្តិសុខសង្គមជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរថែមទៀត។ ការចេញបទបញ្ជានេះ បានធ្វើឡើងក្នុងឱកាសលោកឧត្តមសេនីយ៍ត្រីដឹកនាំកិច្ចប្រជុំបូកសរុបសភាពកាការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែកក្កដា ឆ្នាំ២០២៦ និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ ដោយបានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងចំណុះទូទាំងខេត្ត ឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែងថែមទៀតក្នុងការធានារក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋក្រោមបញ្ជាដ៏ខ្ពង់ខ្ពង់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦។

ថ្លែងនៅក្នុងកិច្ចប្រជុំនោះ លោកឧត្តមសេនីយ៍ត្រីស្នងការ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការរក្សាបាននូវស្ថេរភាពមូលដ្ឋាន ដោយបានដាក់ចេញនូវទិសដៅការងារសំខាន់ៗ ដើម្បីឱ្យកងកម្លាំងយកចិត្តទុកដាក់អនុវត្តយ៉ាងមានប្រសិទ្ធភាពនោះ គឺត្រូវបង្កើនការក្តាប់ និងប្រមូលផ្តុំព័ត៌មានទូទាំងខេត្តទាក់ទិននឹងសភាពការណ៍សន្តិសុខជាតិ ពិសេសផែនការ និងព័ត៌មានបំពុលសង្គម ដើម្បីចាត់វិធានការផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ បង្ការទប់ស្កាត់បទល្មើសបច្ចេកវិទ្យា និងអាជីវកម្មខុសច្បាប់លុបបំបាត់ទីផ្សារទទួលផលចោរកម្ម និងកន្លែងបញ្ចាំធ្វើអាជីវកម្មខុសច្បាប់ ល្បែងស៊ីសង ល្បែងភ្នាល់តាមអេឡិចត្រូនិក និងអនឡាញស្កែម (Online Scams) គ្រប់រូបភាព។

ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ និងគ្រឿងញៀន ត្រូវពង្រឹងការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ផ្តោតជាសំខាន់លើបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន។ ការប្រឆាំងការជួញដូរមនុស្ស បន្តប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ស្រ្តីនិងកុមារ ការជួញដូរផ្លូវភេទគ្រប់ទម្រង់ និងការឆ្លងដែនខុសច្បាប់។ ការផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ត្រូវពង្រឹងការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ/សង្កាត់មានសុវត្ថិភាព និងច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានទូលំទូលាយដល់មូលដ្ឋាន។ ការត្រៀមអន្តរាគមន៍សង្គ្រោះ ត្រូវពង្រឹងការយាមល្បាត ប្រចាំការ ២៤ម៉ោង ព្រមទាំងត្រៀមកម្លាំង មធ្យោបាយ និងសម្ភារៈ ដើម្បីចេញអន្តរាគមន៍ពន្លត់អគ្គិភ័យជាយថាហេតុដែលអាចកើតឡើង បានទាន់ពេលវេលា។

បន្ថែមពីលើទិសដៅទាំងនេះ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានណែនាំដល់កម្លាំងជំនាញ កម្លាំងអធិការដ្ឋាននគរបាលក្រុង/ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ត្រូវពង្រឹងការល្បាតបង្ការ ទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលាចំពោះបទល្មើសក្មេងទំនើង ការស្នាក់នៅប្រមូលផ្តុំខុសច្បាប់របស់ជនបរទេស និងបទល្មើសអនឡាញស្កែម។ ទន្ទឹមនឹងនេះ ចំពោះកម្លាំងនគរបាលការពារព្រំដែនគោក ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការក្តាប់រាល់បម្រែបម្រួល និងព័ត៌មានមិនប្រក្រតីតាមបន្ទាត់ព្រំដែន ដើម្បីទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទឱ្យមានប្រសិទ្ធភាពខ្ពស់៕
ដោយ៖ ឈុន សារ៉ាត





