ក្រសួងយុត្តិធម៌ប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តន៍យុទ្ធនាការជំរុញ និង ពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការក្នុងរយៈពេល៦ខែកន្លងមកនេះ
AKP ភ្នំពេញ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦--ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការបានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តន៍យុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការក្នុងរយៈពេល៦ខែ ឆ្នាំ២០២៦នេះ។

នៅក្នុងកិច្ចប្រជុំ នៅទីស្តីការក្រសួងយុត្តិធម៌នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម កើត រិទ្ធ បានណែនាំដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ឱ្យបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការដោះស្រាយពាក្យបណ្តឹង និងពាក្យសុំអន្តរាគមន៍ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ហ្មត់ចត់ និងត្រឹមត្រូវ សំដៅពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ ពិសេស ពង្រឹងជំនឿទុកចិត្តរបស់សាធារណជនមកលើវិស័យយុត្តិធម៌។

ជាមួយគ្នានេះរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានណែនាំដល់សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការចាត់ការនូវសំណុំរឿងអាទិភាពទាំង ៥ រួមមាន៖ អត្រានុកូលដ្ឋាន, គ្រោះថ្នាក់ចរាចរណ៍, ក្មេងទំនើង, គ្រឿងញៀន និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

តាមរយៈរបាយការណ៍ស្ដីពីលទ្ធផលនៃការអនុវត្តន៍យុទ្ធនាការនេះ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានធ្វើការកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលយន្តការអនុវត្តយុទ្ធនាការទាំង ២ ក៏ដូចជា សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ សម្រេចបានក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៦ ដោយស្មារតីម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់៕

ដោយ មករា





