២ក្រុមរកបាន៣ពិន្ទុ ខណៈ២ក្រុមចែកគ្នាម្នាក់១ពិន្ទុ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត រដូវកាល ២០២៦-២៧
AKP ភ្នំពេញ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦--ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត រដូវកាល ២០២៦-២០២៧ បានចាប់ផ្តើមដំណើរការប្រកួតជាផ្លូវការ សម្រាប់សប្តាហ៍ទី១ ដោយមាន៣ប្រកួត កាលពីល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងនោះមាន២ក្រុមប្រជែងបាន៣ពិន្ទុពីគូប្រជែងរៀងៗខ្លួន ខណៈ១ប្រកួតទៀតចែកគ្នាម្នាក់១ពិន្ទុ ក្រោយរក្សាលទ្ធផលស្មើគ្នា។

គណៈកម្មការបាល់ទាត់ជាតិកម្ពុជា-CNCC នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានឱ្យដឹងនូវលទ្ធផលប្រកួតនេះថា ក្រុមភូមិបាលស្រុកថាឡាបរីវាត់ ខេត្តស្ទឹងត្រែងបានយកឈ្នះក្រុមអាចារ្យលាក់ខេត្តកំពង់ធំ ៣-០, ក្រុមបាត់ដំបងយូណាយធីត បានយកឈ្នះក្រុមខេត្តសៀមរាប ៤-១ ខណៈភ្នំពេញហ្គាឡាក់ស៊ី និងក្រុមភ្នំដាមហានគរខេត្តតាកែវ រក្សាបានលទ្ធផលស្មើគ្នា ដោយលទ្ធផល ៣-៣។ ដោយ៣ប្រកួតនេះជាការប្រកួតសន្សំពិន្ទុ ក្នុងពូល A B និងពូល C។ ដោយឡែកនៅល្ងាចថ្ងៃទី២២ ខែកក្កដានេះ ក៏មាន២ប្រកួតទៀតដែរ សម្រាប់សប្តាហ៍ទី១ដូចគ្នា ដោយក្រុមខេត្តបន្ទាយមានជ័យ ប៉ះ ក្រុមឧត្តរមានជ័យ (ពូល B) ខណៈក្រុមខេត្តកណ្តាល ប៉ះ ក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ (ពូល C)។

ការប្រកួតថ្នាក់ខេត្តមាន១៩ក្រុមតំណាងរាជធានីខេត្ត បានចូលរួមប្រកួតប្រជែង ដោយចែកចេញជា៥ពូល ដោយត្រូវដំណើរការប្រកួតពីថ្ងៃទី២១ ខែកក្កដា រហូតដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីស្វែងរកក្រុមជ័យលាភីឡើងទៅប្រកួតថ្នាក់ជាតិ ដែលមានបេក្ខភាពក្រុមឈរជើងក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០២៦-២០២៧ ដែលមាន១១ក្រុម។ តាមការបង្ហើបព័ត៌មានបឋមរបស់មន្ត្រីរៀបចំគ្រប់គ្រងការប្រកួតនេះបានឱ្យដឹងថា អ្វីកាន់តែពិសេសសម្រាប់ការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាលថ្មីនេះ គឺក្រុមជ័យលាភីថ្នាក់ខេត្តអាចនឹងប្រកួតជម្រុះជាមួយក្រុមលីគលំដាប់ទី២របស់កម្ពុជា មុនជ្រើសរើសបេក្ខភាពក្រុមខ្លាំងៗមួយចំនួន ដើម្បីប្រកួតថ្នាក់ជាតិ៕

ដោយ ហេង ណាលីន (រូបភាព៖ CNCC)





