មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំកម្ពុជាចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីអប់រំអាស៊ានលើកទី២១នៅប្រទេសសិង្ហបុរី
AKP ភ្នំពេញ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦-- លោកជំទាវសាស្ត្រាចារ្យបណ្ឌិត បូ ច័ន្ទគុលិកា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាឧត្តមមន្ត្រីអប់រំអាស៊ានសម្រាប់កម្ពុជា ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីអប់រំអាស៊ានលើកទី២១ ដែលប្រព្រឹត្តទៅនៅប្រទេសសិង្ហបុរី ដោយមានការចូលរួមពីឧត្តមមន្ត្រីអប់រំអាស៊ានតំណាងប្រទេសជាសមាជិកអាស៊ានទាំង១១ លេខាធិការដ្ឋានអាស៊ាន និងដៃគូអាស៊ានក្នុងវិស័យអប់រំ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពទៅលើការអនុវត្តផែនការងារអាស៊ានស្ដីពីការអប់រំ និងលើកទិសដៅក្នុងការអនុវត្តសកម្មភាពបន្ទាប់ ផ្ដល់ជាវេទិកាក្នុងការចែករំលែក និងពិភាក្សានូវបញ្ហាប្រឈមរួមក្នុងវិស័យអប់រំ ពិនិត្យ និងអនុម័តទៅលើគំនិតផ្ដួចផ្ដើម លក្ខខណ្ឌយោង សេចក្ដីថ្លែងការណ៍ និងឯកសារសំខាន់ៗក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការវិស័យអប់រំអាស៊ាន។ ជាមួយគ្នានេះ កិច្ចប្រជុំបានពិភាក្សាទៅលើរបៀបវារៈសំខាន់ៗ រួមមាន សេចក្ដីសម្រេច និងវឌ្ឍនភាពការងារអប់រំអាស៊ានក្នុងរយៈពេល១ឆ្នាំកន្លងមក ការផ្ដល់នូវវឌ្ឍនភាពនៃការអនុវត្តផែនការការងារអាស៊ានស្ដីពីការអប់រំ ២០២៦-២០៣០ ការធ្វើបច្ចុប្បន្នភាពស្ដីពីការសម្របសម្រួលរវាងលេខាធិការដ្ឋានអាស៊ាន និងលេខាធិ ការដ្ឋានស៊ីមេអូ ការផ្ដល់វឌ្ឍនភាពស្ដីពីការអប់រំឧត្តមសិក្សាអាស៊ាន និងក្រុមប្រឹក្សាការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈអាស៊ាន ការធ្វើបច្ចុប្បន្នភាពនៃការអនុវត្តគម្រោង និងគំនិតផ្ដួចផ្ដើមនានាក្នុងតំបន់ពីសំណាក់ប្រទេសជាសមាជិកអាស៊ាន និងដៃគូអាស៊ានក្នុងវិស័យអប់រំ ការពិភាក្សាទៅលើសំណើនៃការបង្កើតយន្តការកិច្ចសហប្រតិបត្តិការកម្រិតរដ្ឋមន្ត្រីអប់រំអាស៊ាន-ចិន។

ថ្លែងក្នុងបទអន្តរាគមន៍នាឱកាសនោះ លោកជំទាវអនុរដ្ឋលេខាធិការបានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លេខាធិការដ្ឋានអាស៊ាន ព្រមទាំងបានអបអរសាទរដល់ប្រទេសសិង្ហបុរី ក្នុងការធ្វើជាប្រធានក្នុងវិស័យអប់រំអាស៊ាន សម្រាប់អាណត្តិឆ្នាំ ២០២៦-២០២៧។ ទន្ទឹមនឹងនេះ លោកជំទាវបានគូសបញ្ជាក់សារជាថ្មីទៅលើការគាំទ្ររបស់កម្ពុជា ចំពោះផែនការការងារអាស៊ានស្តីពីការអប់រំ ឆ្នាំ ២០២៦-២០៣០ ដែលផ្ដោតលើកម្មវិធីចំនួន៦ រូមមាន ១. ការថែទាំ និងអប់រំកុមារតូច ២. ការអប់រំកម្រិតមូលដ្ឋាន ៣.ការអប់រំ និងបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ៤. ការអប់រំឧត្តមសិក្សា ៥. ការរៀបចំគោលនយោបាយ ការគ្រប់គ្រង និងការដឹកនាំប្រកបដោយប្រសិទ្ធភាព និង៦. កិច្ចសហប្រតិបត្តិការតំបន់។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ បូ ច័ន្ទគុលិកា អនុរដ្ឋលេខាធិការ បានលើកឡើងពីការផ្ដល់អាទិភាពទៅលើការកសាងមូលធនមនុស្សរបស់កម្ពុជា និងការសម្រេចបាននូវសមិទ្ធផលជាតិក្នុងការធ្វើទំនើបកម្មប្រព័ន្ធអប់រំ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ប្រកបដោយក្រមសីលធម៌ក្នុងការបង្រៀន និងរៀន។ បន្ថែមពីនេះទៀត កម្ពុជាសម្រេចបាននូវលទ្ធផលជាវិជ្ជមានក្នុងការលើកកម្ពស់ការសិក្សាកម្រិតមូលដ្ឋាន តាមរយៈលទ្ធផលតេស្តរង្វាយតម្លៃថ្នាក់តំបន់ឆ្នាំ២០២៤ (SEA-PLM 2024) ដែលក្នុងនោះសិស្សកម្ពុជាទទួលបានលទ្ធផលល្អប្រសើរ ជាពិសេសក្នុងមុខវិជ្ជាគណិតវិទ្យា។ បន្ថែមលើនេះ លោកជំទាវបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដឹកនាំសកម្មភាពថ្នាក់តំបន់ចំនួន ៤ នៃផែនការការងារអាស៊ានស្ដីពីការអប់រំ ឆ្នាំ២០២៦-២០៣០៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





