ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម កោតសរសើរប្រជាពលរដ្ឋភៀសសឹកនៅបន្ទាយមានជ័យ ដែលចេះកែច្នៃជីវភាពពីដីជុំវិញផ្ទះ
AKPបន្ទាយមានជ័យថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២៦--ជីវភាពរស់នៅដ៏គួរឱ្យកត់សម្គាល់របស់ប្រជាពលរដ្ឋភៀសសឹក នៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេកខេត្តបន្ទាយ មានជ័យ បានក្លាយជាគំរូដ៏ល្អមួយក្នុងការអនុវត្តកសិកម្មតាមបែបគ្រួសារ។

ក្រោមស្មារតីតស៊ូមិនបោះបង់ ពួកគាត់បានប្រែក្លាយដីទំនេរជុំវិញលំនៅឋាន ឱ្យទៅជាចម្ការបន្លែ និងដំណាំហូបផ្លែ ដែលទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់ថ្នាក់ដឹកនាំ។
កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ បានចុះសួរសុខទុក្ខផ្ទាល់ដល់លំនៅឋានរបស់ប្រជាពលរដ្ឋភៀសសឹកក្នុងមូលដ្ឋានខាងលើ។
ក្នុងដំណើរចុះពិនិត្យនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត បានបង្ហាញក្តីរំភើប និងកោតសរសើរយ៉ាងស្មោះចំពោះការខិតខំប្រឹងប្រែងរបស់ប្រជាពលរដ្ឋ ដែលមិនត្រឹមតែចេះរៀបចំផ្ទះសម្បែងឱ្យមានសណ្តាប់ធ្នាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចេះឆ្លៀតដាំដុះដំណាំគ្រប់មុខដូចជា ដំឡូងមី ពោត សណ្តែកគួរ និងដំណាំរួមផ្សំជាច្រើនមុខទៀត។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត បានមានប្រ សាសន៍យ៉ាងដូច្នេះថា«ខ្ញុំសូមកោតសរ សើរចំពោះបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលបានខិតខំរៀបចំជីវភាពរ ស់នៅ ថែទាំលំនៅឋាន និងដាំដុះដំណាំជុំវិញផ្ទះ។ សកម្មភាពនេះមិនត្រឹមតែជាការអនុវត្តកសិកម្មតាមគ្រួសារប៉ុណ្ណោះ ទេ ប៉ុន្តែវានឹងហុចផលយ៉ាងពិតប្រាកដទាំងការលក់ដូរដើម្បីបង្កើនចំណូល និងការធានាបាននូវការហូបចុកប្រចាំថ្ងៃប្រកបដោយគុណភាព»។
បន្ថែមពីនេះ ឯកឧត្តមបានគូសបញ្ជាក់ថា ការរៀបចំលំនៅឋាន និងសកម្មភាពកសិកម្មរបស់បងប្អូនប្រជាពលរដ្ឋភៀសសឹកដែលកំពុងរស់នៅភូមិរង់ចាំជាង ៣០០០គ្រួសារនាពេលនេះ គឺស្របគ្នាយ៉ាងល្អឥតខ្ចោះទៅនឹងកម្មវិធីប្រកួត ប្រជែង «ផ្ទះស្អាត» ដែលរាជរដ្ឋាភិបាលបានដាក់ចេញតាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ការអនុវត្តនេះ មិនត្រឹមតែលើកកម្ពស់សោភ័ណភាព និងអនាម័យក្នុងបរិស្ថានរស់នៅប៉ុណ្ណោះទេ ប៉ុន្តែវាជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចមូលដ្ឋាន និងលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋឱ្យកាន់តែប្រសើរឡើង។
ជារួម គំរូនៃភាពឧស្សាហ៍ព្យាយាមរបស់ប្រជាពលរដ្ឋនៅភូមិរង់ចាំនេះ គឺជាសក្ខីភាពមួយបង្ហាញថា ទោះបីស្ថិតក្នុងស្ថានភាពណាក៏ដោយ ប្រសិនបើមានការតស៊ូ និងការចេះរៀបចំផែនការជីវិតច្បាស់លាស់ ភាពជោគជ័យនឹងកើតមានឡើងជាដរាប៕
ដោយ៖ ឈុនសារ៉ាត





