អណ្តូងទឹកប្រើដោយប្រព័ន្ធស្វ័យប្រវត្តិសូឡា របស់គម្រោងរេដបូកសំកុស ជួយប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់ និងមិនបានចំណាយថវិការ
AKPពោធិ៍សាត់ ថ្ងៃទី១៦ ខែ កក្កដា ឆ្នាំ ២០២៦– អណ្តូងទឹកធំៗចំនួន២ ស្ថិតនៅក្នុងភូមិ តាដេស ឃុំ សំរោង ស្រុក ភ្នំក្រវាញ ខេត្ត ពោធិ៍សាត់ ដែលផ្តល់ទឹកចំណុះ១ម៉ឺនលីត្រ របស់ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance)និង ក្រសួងបរិស្ថាន ក្រោមក្របខណ្ឌគម្រោងរេដបូកភ្នំសំកុស កំពុងបានផ្តល់ភាពងាយស្រួលដល់ប្រជាសហគមន៍ប្រើប្រាស់ដោយមិនត្រូវចំណាយថវិការហើយ និងពិសេសជាទឹកស្អាតផងដែរ។
ចំពោះអណ្តូងទឹកបែបថ្មីបំពាក់ទៅដោយបច្ចេកវិទ្យាតាមរយៈគម្រោងរេដបូក (REDD+)បានសាងសង់ឡើងតាមប្រព័ន្ធស្វ័យប្រវត្តិសូឡា ។អណ្តូងទឹកស្អាតទាំង២កន្លែងនៅភូមិ តាដេស នេះដែរមួយបានកសាងឡើងក្នុងឆ្នាំ ២០២៣ និងមួយទៀតកសាងឡើងក្នុងឆ្នាំ ២០២៥។

លោក ហឿន សាម៉េត ប្រជាពលរដ្ឋ រស់នៅភូមិតាដេស ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់បានបញ្ជាក់ប្រាប់ថាអណ្តូងដែលបានតាមរយៈគម្រោងរេដបូកនេះកំពុងដើរតួនាទីយ៉ាងសំខាន់សម្រាប់ប្រើប្រាស់របស់ប្រជាសហគមន៍។វាបានជួយឱ្យមានទឹកស្អាតប្រើប្រាស់មិនជួបការលំបាកទៀតឡើយពិសេសមានទឹកស្អាតប្រើប្រាស់ក្នុងសហគមន៍។
ដោយឡែក អ្នកស្រី ធួន ស្រីអូន បានបញ្ជាក់ប្រាប់ដែរថាទឹកអណ្តូងនេះកំពុងបានជួយមិនត្រឹមតែប្រើប្រាស់ប្រចាំថ្ងៃទេ តែវាបានកំពុងជួយស្រោចដំណាំកសិកម្មខ្លះៗក្បែរផ្ទះ និងពិសេសការចិញ្ចឹមសត្វដោយមិនបាច់ចំណាយថវិការលើការប្រើប្រាស់ទឹកដូចមុនទៀត។


លោកសារូ វុធ ប្រធានសហគមន៍ដៃគូសំរោង បានបញ្ជាក់ថាអណ្តូងទឹកនៅសហគមន៍លោកបានជួយច្រើនទៅការប្រើប្រាស់ទឹក។វាកាត់បន្ថយច្រើនទាំងថវិការ និងក៏ដូចជាជួយលើកស្ទួយជីវភាពប្រជាសហគមន៍។
លោក ទូច សុផានី ប្រធានកម្មវិធីអភិវឌ្ឍន៍មូលដ្ឋានរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានឱ្យដឹងថា នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិអណ្តូងតាដេស ក្នុងដែលជម្រកសត្វព្រៃភ្នំសំកុស ក្នុងភូមិសាស្រ្តស្រុកក្រវាញ ខេត្តពោធិ៍សាត់ បានទទួលបានអណ្តូងទឹកខ្នាតធំ ចំណុះ១ម៉ឺនលីត ដើរដោយថាពលពន្លឺព្រះអាទិត្យ ដែល បានផ្តល់ផលប្រយោជន៍ និងការផ្លាស់ប្តូរជាវិជ្ជមាន យ៉ាងធំធេងដល់ក្រុមគ្រួសារអ្នកភូមជាង៦០គ្រួសារ ដែលជាជនជាតិដើមភាតិចព័រ និងជាតំបន់ដាច់ស្រយាល។លើសពីនេះ ប្រជាពលរដ្ឋ មិនចំណាយលើប្រេងឥន្ធនៈ ឬអគ្គិសនីឡើយ នៅពេលអណ្តូទឹក ដើរដោយប្រព័ន្ធដើរដោយថាមពលព្រះអាទិត្យ។

ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា អណ្តូងទាំងនេះជួយកាត់បន្ថយការចំណាយ របស់ប្រជាពលរដ្ឋ ដូចជាការចំណាយលើប្រេងឥន្ធនៈ ការថែទាំសុខភាព ពញរោះវាបាន ធានាបាននូវការផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ ទ្រទ្រង់ដល់ការដាំដុះនិងការចិញ្ចឹមសត្វរបស់ប្រជាពលរដ្ឋ និងលើសពីនេះវាជាថាមពលស្អាតឆ្លើយតបនឹង ការប្រែប្រួលអាកាសធាតុ ដែលមធ្យោបាយនេះ រួមចំណែកដល់យុទ្ធសាស្រ្តប្រែក្លាយសហគមន៍អព្យាក្រឹតកាបូនទៅថ្ងៃអនាគត។

គួរបញ្ជាក់ថា គម្រោងរេដបូក (REDD+) គឺជាយន្តការអន្តរជាតិមួយ ដែលត្រូវបានបង្កើតឡើងដើម្បី កាត់បន្ថយការភាយឧស្ម័នផ្ទះកញ្ចក់ ពីការសឹករិចរឹល និងបាត់បង់ព្រៃឈើ។ នៅក្នុងប្រទេសកម្ពុជា ថវិកាដែលទទួលបានពីការលក់ឥណទានកាបូន (Carbon Credits) តាមរយៈគម្រោងនេះ ត្រូវបានយកមកប្រើប្រាស់ដើម្បីផ្តល់ផលប្រយោជន៍ ដើម្បីការពារបរិស្ថាន និងការគាំទ្រដល់ជីវភាពសហគមន៍មូលដ្ឋា៕
ដោយ៖ មករា





